ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនវត្ថុកម្ពុជា និងមន្រ្តីជំនាញផ្នែកនគរូបនីយកម្មបានជម្រុញឲ្យរដ្ឋាភិបាល បង្កើនល្បឿនរៀបចំប្លង់គោលនៅតាមទីក្រុងនិមួយៗ ដើម្បីកាត់បន្ថយបញ្ហាប្រឈមជាច្រើននៅពេលអនាគត។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL លោកឧកញ៉ា ចេង ខេង បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា រដ្ឋាភិបាលគួរពន្លឿនរៀបចំប្លង់គោលនៅតាមទីក្រុងនិមួយៗ ដើម្បីសម្រួលបញ្ហាកកស្ទះចរាចរណ៍ ការរំលោ ភចិញ្ចើមផ្លូវ និងបញ្ហាសណ្តាប់ធ្នាប់សាធារណៈដទៃទៀត។លោកបន្តថា នៅពេលប្រជាជនកាន់តែមានជីវភាពធូរធារ បញ្ហាសង្គម ការកកស្ទះចរាចរណ៍នឹងកើនឡើង ហេតុនេះវានឹងធ្វើឲ្យមានបញ្ហាសតិអារម្មណ៍ និងឈឺក្បាលច្រើននៅពេលធ្វើដំណើរ។
-->
លោកបន្តថា “យើងមិនអាចនៅបន្តរឿងឈឺក្បាល ដោយសារទីក្រុងគ្មានចិញ្ចើមថ្នល់សម្រាប់ដើរ មានការកកស្ទះចរាចរណ៍ស្ទើរគ្រប់ពេលវេលាបានទេ”។ លោកបន្តថា “រដ្ឋាភិបាលគួររៀបចំប្លង់គោល ប្លង់អភិវឌ្ឍន៍មួយឲ្យបានច្បាស់លាស់ ដើម្បីសង្គមរបស់យើង ប្រទេសរបស់យើងមានរបៀបរៀបរយ”។

អ្នកជំនាញផ្នែកនគរូបនីយកម្ម លោកបណ្ឌិតវ៉ាន់ វ៉ាតបានថ្លែងថា ការរៀបចំប្លង់គោលមានសារៈសំខាន់ណាស់ ដើម្បីយើងអាចដឹងថាតំបន់ណាគួរប្រើប្រាស់ដីបែបណា ឬដីទីតាំងណាគួរប្រើសម្រាប់វិស័យកសិកម្ម សម្រាប់វិស័យលំនៅដ្ឋាន ក៏ដូចជាវិស័យឧស្សាហកម្ម។ លោកបន្តថា ការរៀបចំនិងអនុវត្តន៍តាមប្លង់គោល ធ្វើឲ្យកយើងដោះស្រាយបញ្ហាប្រឈមចំពោះមុខបានច្រើន ទាំងការប្រើប្រាស់ដីលំអិតនៅតាមមូលដ្ឋាន ការរៀបចំស្ថាបនាផ្លូវគួរមានទំហំប៉ុណ្ណាសម្រាប់អនាគត ក៏ដូចជាការប្រើប្រាស់ និងជួយលើបញ្ហាបរិស្ថានយ៉ាងដូចម្តេច។
លោកបន្តថា “នៅពេលមិនមានការប្រើប្រាស់ប្លង់គោល រដ្ឋាភិបាលនឹងមិនអាចដោះស្រាយបញ្ហាបានងាយស្រួលឡើយ គឺនៅតែមានបញ្ហា និងត្រូវដោះស្រាយបញ្ហាមិនចេះចប់មិនចេះហើយ”។
នៅរាជធានីភ្នំពេញមានប្លង់គោល សម្រាប់អនុវត្តន៍ចាប់ពីឆ្នាំ២០១៥ ដល់២០៣៥ ប៉ុន្តែការអភិវឌ្ឍន៍រាជធានីភ្នំពេញសព្វថ្ងៃ មិនគោរពបានតាមប្លង់គោលបានល្អប្រសើរនៅឡើយទេ៕








