ដោយ គង់ សូរិយា
ភ្នំពេញ៖ តើទីក្រុងកោះពេជ្រ នឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនាពេលអនាគតឬទេ? ប្រសិនជាមើលមួយភ្លេត ទីក្រុងរណបដែលមានផ្ទៃដីប្រមាណ៨០ហិកតានេះ បាននិងកំពុងរះឡើង សម្រាប់អំណួតទីក្រុងភ្នំពេញទៅកាន់ឆាកអន្តរជាតិ។
ក្រៅពីអាគារសន្និបាត សម្រាប់រៀបចំពិព័រណ៍ និងទទួលការលាងសាយភោ ជន៍នៃកម្មវិធីអាពាហ៍ពិពាហ៍ របស់ក្រុមអ្នកអភិជន ទីក្រុងនេះកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន រួមមាន គម្រោង ID RIVIERA ដែលបានទិញយកដោយក្រុមហ៊ុន Greenland Group មានមូលដ្ឋានមកពីប្រទេសចិន។ គំរោងElysee ដែលបាននិងកំពុងសាងសង់ និងបោះទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក។ គំរោងខុនដូ និងផ្ទះអាជីវកម្ម Diamond One, ដែលវិនិយោគដោយក្រុមហ៊ុន Prince Real estate Group និងគំរោងមួយចំនូនទៀត ដែលនឹងវិនិយោគដោយក្រុមហ៊ុន Prince Real Estate។
-->
ក្រៅពីខុនដូទាំងនេះ នៅមានគំរោងខុនដូជាច្រើនទៀត ដូចជា Ca &Sa, គំរោងខុនដូ Casa Meridian,គំរោង La Sen និងគំរោងខុនដូ Diamond Tween Towerផងដែរ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោ គនៅទីក្រុងកោះពេជ្របានថ្លែងថា បច្ចុប្បន្នទីក្រុងកោះពេជ្រ ទទួលចំនួនមនុស្សច្រើនលើសការរំពឹងទុក ដែលក្រុមហ៊ុនមិនចង់បាន ហើយក្រុមហ៊ុនមិនអនុញ្ញាត្តឲ្យមានការសាងសង់ស្ពានចេញពីចំណុចកោះនរា ឆ្ពោះទៅតំបន់នេះនោះទេ។
លោកបន្តថា “តាមគំរោងក្រុមហ៊ុននឹងរើសាពិព៌ណ និងសន្និបាតចេញពីទីក្រុងនេះ ទៅកាន់ទីក្រុងរណបជ្រោយចង្វារនាពេលខាងមុខ ប៉ុន្តែខ្ញុំមិនអាចបញ្ជាល់ពីពេលវេលាជាក់លាក់នៅឡើយទេ”។
លោក Michael S. Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Group បានថ្លែងថា ទីក្រុងកោះពេជ្រមានការរីកចម្រើនយ៉ាងលឿន ប៉ុន្តែទីក្រុងនេះមិនទាន់ក្លាយជាមណ្ឌលមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់អន្តរជាតិនោះទេ។លោកបន្តថា យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើឲ្យទីក្រុងរណប និងតំបន់ជុំវិញនេះ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់អន្តរជាតិ។
លោកបន្តថា “តំបន់ជុំវិញទីក្រុង និងទីក្រុងកោពេជ្រនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិនៅរយៈពេលពី៥ទៅ១០ឆ្នាំទៀត”៕














