ដោយគង់ ៖ សូរិយា
ភ្នំពេញ ៖ មន្រ្តីជំនាញនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា បច្ចុប្បន្នការសាងសង់កំពង់ផែ ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹកបានជិតបញ្ចប់ហើយ ដោយរដ្ឋាភិបាលបានចំណាយលើគំរោងនេះប្រមាណ២លានដុល្លារអាមេរិក។
ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ឋផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក រស់ សោភ័ណា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កុម្ភៈនេះថា ការសាងសង់កំពង់ផែ បាននិងកំពុងធ្វើយ៉ាងសកម្ម ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីធ្វើឲ្យប្រាកដថា គំរោងនេះនឹងដំណើរការបានមុនចូលឆ្នាំខ្មែរ។លោកបន្តថា បច្ចុប្បន្នកំពស់ផែចំនួន៤ ក្នុងចំណោមចំណតកំពង់ផែ៦កន្លែង បានបញ្ចប់ហើយដូចជា កំពង់ផែស្ថិតនៅក្បែរទីលានប្រជាធិបតេយ្យ កំពង់ផែនៅមុខផ្សាររាត្រី កំពង់ផែនៅក្បែរកាស៊ីណូណាហ្កា និងកំពង់ផែច្បារអំពៅ ព្រមទាំងកំពង់ផែនៅព្រែកព្នៅ និងក្រុងតាខ្មៅ មិនទាន់រកបានទីតាំងនៅឡើយទេ។
-->

លោកបន្តថា “គំរោងនេះនឹងប្រើប្រាស់កាណូតល្បឿនលឿន ដូចគ្នានឹងកាណូតដឹកភ្ញៀវពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបផងដែរ ហើយក្រសួងបានបញ្ជាទិញកាណូតពីរគ្រឿងពីបរទេសផងដែរ ប៉ុន្តែកាណូតនោះមកដល់ពេលណាយើងមិនដឹងនោះទេ។លោកបន្តថា “យើងប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យគំរោងនេះអាចដំណើរការឲ្យខានតែបាន នៅមុនពិធីបុណ្យចូលឆ្នាំខាងមុខនេះ”។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានថ្លែងឲ្យដឹងផងដែរថា ក្រសួងសេដ្ឋកិច្ចបានទំលាក់ថវិកាប្រមាណ២លានដុល្លារ សម្រាប់រៀបចំការធ្វើដំណើរតាមផ្លូវទឹក ដោយថវិកានេះ នឹងប្រើប្រាស់សម្រាប់ ចំណាយទៅលើការសាងសង់កំពង់ផែ និងកាណូតសម្រាប់ដឹកជញ្ជូន។ លោកបន្តថា ប្រសិនជាលើសឬខ្វះខាត ក្រសួងសាធារណៈការនឹងធ្វើការងារជាមួយក្រសួងហិរញ្ញវត្ថុបន្តទៀត។
លោកបន្តថា “ការរៀបចំកំពង់ផែ និងកាណូតដឹកជញ្ជូននេះ បាននិងកំពុងធ្វើឡើងយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លួវទឹក អាចដំណើរការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ”៕









