ការសាងសង់កំពង់ផែដឹកជញ្ជូនជិតបញ្ចប់ជាមួយនឹងផែនការចំណាយ២លានដុល្លារ

0

ដោយគង់ ៖ សូរិយា

ភ្នំពេញ ៖ មន្រ្តីជំនាញនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា បច្ចុប្បន្នការសាងសង់កំពង់ផែ ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹកបានជិតបញ្ចប់ហើយ ដោយរដ្ឋាភិបាលបានចំណាយលើគំរោងនេះប្រមាណ២លានដុល្លារអាមេរិក។

ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ឋផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួ​ង​សាធារណៈការ និងដឹកជញ្ជូនលោក រស់ សោភ័ណា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កុម្ភៈនេះថា ការសាងសង់កំពង់ផែ បាននិងកំពុងធ្វើយ៉ាងសកម្ម ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីធ្វើឲ្យប្រាកដថា គំរោងនេះនឹងដំណើរការបានមុនចូលឆ្នាំខ្មែរ។លោក​បន្តថា បច្ចុប្ប​ន្នកំពស់ផែចំនួន៤ ក្នុងចំណោមចំណតកំពង់ផែ៦កន្លែង បានបញ្ចប់​ហើយដូចជា កំពង់ផែស្ថិតនៅក្បែរទីលានប្រជាធិបតេយ្យ កំពង់ផែនៅមុខផ្សាររា​ត្រី កំពង់ផែនៅក្បែរកាស៊ីណូណាហ្កា និងកំពង់ផែច្បារអំពៅ ព្រមទាំងកំពង់ផែ​នៅព្រែកព្នៅ និងក្រុងតាខ្មៅ មិនទាន់រកបានទីតាំងនៅឡើយទេ។

លោកបន្តថា “គំរោងនេះនឹងប្រើប្រាស់កាណូតល្បឿនលឿន ដូចគ្នានឹងកា​ណូតដឹកភ្ញៀវពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបផងដែរ ហើយក្រសួងបាន​បញ្ជាទិញកាណូតពីរគ្រឿងពីបរទេសផងដែរ ប៉ុន្តែកាណូតនោះមកដល់ពេល​ណា​យើងមិនដឹងនោះទេ។លោកបន្តថា “យើងប្តេជ្ញាចិត្តធ្វើយ៉ាងណាឲ្យគំរោងនេះ​អាចដំណើរការឲ្យខានតែបាន នៅមុនពិធីបុណ្យចូលឆ្នាំខាងមុខនេះ”។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានថ្លែងឲ្យដឹងផងដែរថា ក្រសួងសេដ្ឋកិច្ចបានទំលាក់ថវិកាប្រមាណ២លានដុល្លារ សម្រាប់រៀបចំការធ្វើដំណើរតាមផ្លូវទឹក ដោយថវិ​កា​នេះ នឹងប្រើប្រាស់សម្រាប់ ចំណាយទៅលើការសាងសង់កំពង់ផែ និងកាណូតសម្រាប់ដឹកជញ្ជូន។ លោកបន្តថា​ ប្រសិនជាលើសឬខ្វះខាត ក្រសួងសាធារណៈការនឹងធ្វើការងារជាមួយក្រសួងហិរញ្ញវត្ថុបន្តទៀត។

លោកបន្តថា “ការរៀបចំកំពង់ផែ និងកាណូតដឹកជញ្ជូននេះ បាននិងកំពុងធ្វើឡើងយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លួវទឹក អាចដំណើរ​ការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here