រាជរដ្ឋាភិបាលសម្រេចកែសម្រួលបែបបទភ្ញៀវទេសចរថៃដើម្បីសម្រួលការធ្វើដំណើរចូលសៀមរាប

0

ដោយ ប៊ី

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល សម្រេចកែសម្រួលបែបបទជូនភ្ញៀវទេសចរពីថៃចូលសៀមរាប និងបង្កើតមណ្ឌលផ្តល់ព័ត៌មានសម្រាប់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះទាំងអស់។

កិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានឯកភាពក្នុងការសម្រួលបែបបទ នៃការធ្វើដំណើរបស់ភ្ញៀវទេសចរ ពីប្រទេសថៃចូល មកខេត្តសៀមរាប និងសម្រេចឲ្យមានការរៀបចំ ជាមណ្ឌលផ្តល់ព័ត៌មាន និងជំនួយ (Information desks) សម្រាប់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះទាំងអស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។

ការសម្រេចនេះ បានធ្វើឡើងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមការដឹកនាំឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កិច្ចប្រជុំផ្តោតសំខាន់ លើរបៀបវារៈ២ គឺទី១៖ ប្រកាសសមាសភាព និងការចាប់ផ្តើមប្រតិបត្តិការងាររបស់ គណៈកម្មាធិការជាតិ និងទី២៖ ពិភាក្សាអំពីវិធានការ សម្រាប់ទ្រទ្រង់ បន្ថែមវិស័យទេសចរណ៍ក្នុងដំណាក់កាលនៃការ រីករាលដាលជំងឺខូវីដ ១៩។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលលើកឡើងដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្នុងការទ្រទ្រង់បន្ថែមដល់វិស័យទេសចរណ៍ក្នុងដំណាក់កាលរីករាលដាលនៃជំងឺខូវីដ ១៩ និងដោយផ្អែកលើស្មារតីនៃ សន្និបាតបូកសរុបការងារវិស័យទេសចរណ៍កាលពីថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងកិច្ចប្រជុំផ្សព្វផ្សាយជាមួយ វិស័យឯកជន ស្តីអំពីវិធានការអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការទ្រទ្រង់វិស័យទេសចរណ៍ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅខេត្តសៀមរាបកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឲ្យក្រសួងសុខាភិបាល ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការតាមដានភ្ញៀវទេសចរ ដែលចូលមកកម្ពុជា ដើម្បីការពារ ឲ្យអស់លទ្ធភាព កុំមានជំងឺខូវីដ១៩ ចូលមកកម្ពុជា។

រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ តាមរយៈអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here