ដោយ ហ្សូលី
សៀមរាបៈ តំបន់ទេសចរណ៍នៅខេត្តសៀមរាប នៅតែមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តជាធម្មតា បើទោះបីជាមានការរីករាលដាលពីមេរោគកូរ៉ូណាឬកូវីដ១៩ក៏ដោយ។ នេះបើតាមឱ្យដឹងពីរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី១០ មីនា ឆ្នាំ ២០២០ នេះ។
ភ្ញៀវទេសចរជាតិនិងអន្តរជាតិ នៅតែដើរកម្សាន្តជាហូរហែតាមតំបន់ទេសចរណ៍ល្បីៗនៅខេត្តសៀមរាបដដែល ដោយមិនមានសភាពស្ងាត់ជ្រងំនោះទេ។ ភោជនីយដ្ឋាន និងបណ្តារហាងនៅក្នុងកន្លែងកម្សាន្ត ផាប់ស្ទ្រីត Pub Street មិនមានការបិទឬផ្អាកដំណើរការអាជីវកម្មឡើយ។
មិនតែប៉ុណ្ណោះ ក៏មានការរៀបចំកម្មវិធីច្រៀងរាំ យ៉ាងសប្បាយរីករាយផងដែល ដែលក្រុមអាជីវកម្មដ្ឋានប្រចាំតំបន់ផាប់ស្ទ្រីត បានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនិងផ្សព្វផ្សាយឱ្យបានឃើញពីចំនួន និងសកម្មភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាប ព្រមទាំងជាឱកាសទាក់ទាញភ្ញៀវទេសចរនានា មកលេងខេត្តសៀមរាបកាន់តែច្រើន។
មិនថាតែនៅតំបន់កម្សាន្តពេលរាត្រីនោះទេ សូម្បីតែនៅក្នុងផ្សារ ផ្សារទំនើប ក៏នៅតែបើកប្រកបអាជីវកម្មជាប្រក្រតី ដោយប្រជាជនមានការទិញលក់ដូរដូចសព្វដង។ ចំនែកភ្ញៀវទេសចរនៅតាមប្រាង្គប្រាសាទ ក៏នៅតែទស្សនាយ៉ាងសប្បាយរីករាយជាមួយទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់ខេត្តសៀមរាបដូចគ្នា។
យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ធ្លាប់បានលើកឡើងថា ដោយសារតែវិបត្តិជំងឺ Covid-19 បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀតដែលមានប្រភពពីកត្តាខាងក្រៅ បានបណ្ដាលឱ្យកម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិមិនបានដូចការព្យាករណ៍ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ។
តាមការព្យាករណ៍សាជាថ្មីរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនឹងមានការធ្លាក់ចុះប្រមាណ១លាននាក់។ ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះ ក៏ដោយ ប៉ុន្តែនៅឆ្នាំ២០២៥ភ្ញៀវទេសចរនៅកម្ពុជា នឹងមានការកើនឡើងប្រមាណ២៥ភាគរយមកវិញ។ នេះបើតាមការព្យាករណ៍៕