ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញពីវិធីសាស្រ្តមួយចំនួន ដើម្បីទប់ទល់ហានិភ័យ នៅពេលទីផ្សារអចលនទ្រព្យជាទីផ្សារលិច-អណ្តែត ដែលវិស័យនេះតែងតែ អណ្តែតបួនដប់ឆ្នាំ លិចបីបួនឆ្នាំ។
លោកង៉ែត ជូអ្នកជំនាញអចលនទ្រព្យ និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Market Consultingបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា មានវិធីសាស្រ្ត៤យ៉ាង ដើម្បីអាចជួយអោយអ្នកឆ្លងផុតពីវិបត្តិនេះ និងអាចចាប់យកឱកាសបានទៀតផងដូចជា ទី១ ច្នៃអចលនទ្រព្យអោយមានលំហូរសាច់ប្រាក់: មានវិធីសាស្រ្ត២យ៉ាង ដែលអ្នកអាចច្នៃអចលនទ្រព្យ ឲ្យទទួលបានលំហូរសាច់ប្រាក់។
-->
វិធីសាស្រ្តទី១ ការលក់បង់រំលស់រយៈពេលវែង និងវិធីសាស្ត្រទី២គឺការដាក់ជួល។
លោកបន្តថា “ការដាក់ជួលជាការល្អម្យ៉ាងដែរ ប្រសិនបើអចលទ្រព្យរបស់អ្នកនៅមានសក្តានុពលខ្ពស់ក្នុងការកើនតម្លៃនាពេលអនាគត។ វិធីសាស្ត្រនេះជាវិធីសាស្រ្តព្រួញ១បាញ់បានសត្វ២”។
ទី២ រក្សាលំហូរសាច់ប្រាក់ពីប្រភពផ្សេង: អ្នកគួរមានលំហូរសាច់ប្រាក់ពីប្រភពផ្សេងដូចជាប្រាក់ខែ ឬចំណូលពីអាជីវកម្មផ្សេងៗ។ កាលពីកំឡុងឆ្នាំ២០០៧-២០១០ វិស័យនេះមានវិបត្តិធ្លាក់ចុះយ៉ាងខ្លាំង លោកបានចាប់យកឱកាស តាមរយៈប្រើប្រាស់លំហូរសាច់ប្រាក់ពីប្រាក់ខែ ដើម្បីទទួលកម្ចីពីធនាគារមកធ្វើការវិនិយោគដោយមិនញញើតដៃ។ មនុស្សជាច្រើនភ័យខ្លាចមិនហ៊ានវិនិយោគ នៅពេលមានវិបត្តិបែបនោះទេ។ ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យហុងកុង លោក លីកាស៊ីង សំរុកទិញដីធ្លីនៅកំឡុងពេលដែលប្រទេសស្ថិតក្នុងវិបត្តិធំៗ ដូចជា នៅពេលមានបដិវត្តន៍វប្បធម៌ និង កុប្បកម្មនៅទីលានធានអាមិន។ ប្រភពទុនក្នុងការវិនិយោគ គឺលោកទទួលបានពីផលចំណេញនៃការផលិតផ្កាសិប្បនិម្មិត។
ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យថៃ លោកសុងសាក់ឌី អូឡាម បានប្រើ
ចំណូលពីសិប្បកម្ម ផលិតផ្កាសិប្បនិម្មិតទិញដីស្រែប្រាំង និងកសិដ្ឋានចិញ្ចឹមក្រពើនៅជាយក្រុងបាងកក ក្នុងកំឡុងឆ្នាំ១៩៨៥-១៩៨៦បានចំនួន១៦០ហិកតា។ ប្រមាណជា១០ឆ្នាំក្រោយ លោកបានអភិវឌ្ឍជាលំនៅដ្ឋាន និងអាគារពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក។
ទី៣ រក្សាបំណុលក្នុងកំរិតដែលអ្នកអាចគ្រប់គ្រងបាន: ពោលគឺលំហូរសាច់ប្រាក់ចូលពីប្រភពទាំងពីរខាងលើ គួរតែស្មើយ៉ាងតិច១៥០%នៃការតព្វកិច្ចសងបំណុល និងតំរូវការចាយវាយក្នុងគ្រួសារប្រចាំខែ។ និងទី៤ រៀនរស់ក្នុងជីវិតសាមញ្ញ: បើអ្នកមានទំលាប់រស់នៅសាមញ្ញ នោះអ្នកនឹងមិនមានសំពាធផ្លូវចិត្តនៅពេលទីផ្សារជាប់គាំងនោះទេ ព្រោះអ្នកមិនបានរំពឹងយកប្រាក់ ឬផលចំណេញពីការវិនិយោគមកចាយវាយហ៊ឺហារ។ ជារឿយៗ អ្នកខ្លះហៅថាជាការរស់នៅក្នុងជីវិតក្រាំង៕