ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសអូស្ត្រាលី រួមមានទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន បានធ្លាក់ចុះក្នុងខែមីនា ដោយសារការកើនឡើងនៃថ្លៃដើមលើការខ្ចីប្រាក់ បានជះផលប៉ះពាល់ដល់លទ្ធភាពទិញផ្ទះ។
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានបញ្ជាក់ថា តម្លៃផ្ទះនៅទីក្រុងស៊ីដនីបានធ្លាក់ចុះ០,១ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊នបានធ្លាក់ចុះ០,២ភាគរយ ស្របពេលការដេញថ្លៃធ្លាក់ចុះ និងការកើនឡើងនៃការចុះបញ្ជីដាក់លក់ផ្ទះ។
ផ្ទុយទៅវិញ តម្លៃផ្ទះនៅទីក្រុង Perth មានភាពរីកចម្រើនខ្លាំង ដោយសម្រេចបានកំណើនក្នុងរង្វង់២,៥ភាគរយ ខណៈដែលតម្លៃផ្ទះនៅទីក្រុង Brisbane និងទីក្រុង Adelaide បានកើនឡើងជាង១ភាគរយ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality លើកឡើងថា «តម្រូវការកំពុងចាប់ផ្តើមបង្ហាញសញ្ញាថយចុះ ដោយសារការកើនឡើងបន្ថែមទៀតនៃថ្លៃដើមរស់នៅ និងអត្រាការប្រាក់ រួមជាមួយនឹងការធ្លាក់ចុះនៃទំនុកចិត្ត ខណៈជម្លោះនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ ។
កាសែត Bloomberg Intelligence រំពឹងថា ការកើនឡើងនៃតម្លៃផ្ទះរយៈពេល៣ឆ្នាំកន្លងមក នៅទីក្រុងស៊ីដនីនឹងបិទបញ្ចប់នៅឆ្នាំនេះ ដោយក្រុមអ្នកវិភាគព្យាករណ៍ថា តម្លៃផ្ទះនឹងធ្លាក់ចុះ១ភាគរយ បណ្តាលមកពីការរឹតបន្តឹងអត្រាការប្រាក់ចុងក្រោយរបស់ធនាគារកណ្តាលអូស្ត្រាលី។
ធនាគារកណ្តាលអូស្ត្រាលី (RBA) បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសម្រាប់កិច្ចប្រជុំចំនួន២លើកជាប់ៗគ្នាគិតត្រឹមខែមីនា ហើយត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ជាលើកទី៣ នៅក្នុងខែឧសភា ដែលធ្វើឱ្យអត្រាការប្រាក់ពី៤,១ភាគរយដល់៤,៣៥ភាគរយ ដើម្បីទប់ស្កាត់អតិផរណា៕ ប្រភព: Bloomberg៕







