ឯកអគ្គរដ្ឋទូត​គុយបា​សន្យា​ជំរុញឱ្យមាន​ទេសចរ និង​វិនិយោគិន​មក​កម្ពុជា​បន្ថែមទៀត ក្រោយ​ចប់​ជំងឺ Covid-19

0

ដោយ វុត្ថា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​កម្ពុជា បាន​សន្យា​ជំរុញឱ្យមាន​ទេសចរ និង​វិនិយោគិន​មក​កម្ពុជា​បន្ថែមទៀត ក្រោយ​បញ្ចប់​វិបត្តិ​ជំងឺ Covid-19 ដែល​បាន​នឹង​កំពុង​រីក​រាលដាល​ជាស​កល  និង បានបង្ហាញ​ពី​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ក្នុងនោះ​វិស័យ​ទេសចរណ៍​នៅតែ​បន្ត​ការរីកចម្រើន​និង​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា​យ៉ាងខ្លាំង។

លោកស្រី Liurka Rodriguez Barrios  ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញ​នេះ​បានឱ្យដឹង ដោយសារ​ការរីក​រាល​ដាល​ជំងឺ Covid-19 បានធ្វើឱ្យ​ពិភពលោក​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ ពិសេស​វិស័យ​ទេសចរណ៍​ក៏​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង។

លោកស្រី​បន្តថា មិន​ខុសពី​សភាពការណ៍​ទូទៅ​ក្នុង​ពិភពលោក​ប៉ុន្មាន​ដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​របស់​គុយ​បា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់ ដោយសារតែ​អ្នកខ្លះ​ក៏ត្រូវ​ផុត​ទិ​ដ្ឋ​ការ អ្នកខ្លះ​ក៏​ចង់​ត្រលប់​ទៅ​មាតុភូមិ​វិញ ស្របពេល​នឹង​ការភ័យខ្លាច​ការឆ្លង​ជំងឺ Covid-19 ។

លោក​បាន​សន្យាថា ចាំ​ដល់ពេល​វិបត្តិ​ជំងឺ Covid-19 រសាយ​ផុត​ចេញពី​ពិភពលោក សាធារណរដ្ឋ​គុយបា​នឹង​បន្ត​ជំ​រុញឱ្យ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​មក​កម្ពុជា​បន្ថែមទៀត ខណៈ​វត្តមាន​ភ្ញៀវទេសចរ និង​វិនិយោគិន​គុយបា​ក៏មាន​នៅ​កម្ពុជា​ដែរ។

លោកស្រី​បញ្ជាក់ទៀតថា ភាគី​គុយបា​នៅតែ​បន្ត​គាំទ្រ និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ខណៈ​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​ទំនាកទំនង​មិត្តភាព ដែល​ប្រទេស​ទាំងពីរ​សម្រេច​បានក​ន្ល​ង​មក។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៦ បានស្នើ​ដល់​ឯកអគ្គរដ្ឋទូត​គុយបា ធ្វើយ៉ាងណា​ជួយ​សហ​ការឱ្យ​មានការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​អេ​ស្ប៉ា​ញ​របស់​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត ពីព្រោះ​ប្រជាពលរដ្ឋ​គុយបា និង​ប្រជាពលរដ្ឋ​នៅ​ប្រទេស​នានា​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង (លើកលែងតែ​ប្រេ​ស៊ី​ល) ភាគច្រើន​គឺ​និយាយ​ភាសា​អេ​ស្ប៉ា​ញ។

លោក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​ក៏​ទទួលបាន​ភ្ញៀវទេសចរ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​យ៉ាងច្រើន​ផងដែរ ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ ៦.៦លាន​នាក់ ដែល​កម្ពុជា​ទទួលបាន​នៅ​ឆ្នាំ២០១៩ កន្លងទៅ។កម្ពុជា និង​គុយបា​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​រយៈពេល ៦០ ឆ្នាំ​មកហើយ ខណៈ​ប្រទេស​មិត្ត​ទាំងពីរ​ក៏​គ្រោង​ប្រារព្ធ​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​រួមគ្នា​ផងដែរ ប៉ុន្តែ​ត្រូវ​ចាំ​ដល់​ស្ថានការណ៍ Covid-19 ធូរស្បើយ​សិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here