រដ្ឋាភិបាលសម្រេចឱ្យជនបរទេសដែលកាន់ទិដ្ឋាការប្រភេទទេសចរណ៍ហួសសុពលភាពអាចបន្តស្នាក់នៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ ៖  រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានសម្រេច អនុញ្ញាតឱ្យជនបរទេស ដែលកាន់ទិដ្ឋាការប្រភេទទេសចរណ៍ អាចបន្តសុពលភាពស្នាក់នៅកម្ពុជា រហូត ដល់ខែមិថុនា ឆ្នាំ២០២០  ខណៈពិភពលោកកំពុងជួបវិបត្តិនៃការរីករាលនៃជំងឺកូវីដ ១៩ ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានប្រាប់សារព័ត៌មានកាលពីថ្ងៃទី ១ ម្សិលមិញនេះថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ អ្នកដំណើរជនបរទេសចូលកម្ពុជា បានថយចុះស្ទើរតែ១០០ភាគរយ បន្ទាប់ពីផ្ទុះនៃការរីករាលដាល COVID-19។ 

លោកបន្តថា ការធ្លាក់ចុះនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ស្ទើរតែពេញសកលលោកដែលជំរុញឱ្យអ្នកធ្វើដំណើរបានធ្លាក់ចុះ ដោយសារការភ័យខ្លាចនៃការឆ្លងនូវជំងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។

លោកបន្ថែមថា “ចាប់ ពីពេលនេះ រហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានសម្រេចការលើកលែង  និងអនុគ្រោះ ដល់ជនបរទេសគ្រប់សញ្ជាតិ ដែលកាន់ទិដ្ឋាការប្រភេទទេសចរណ៍ ហៅកាត់ (Visa T) អាចបន្តទិដ្ឋាការរបស់ ខ្លួន ដើម្បីស្នាក់នៅកម្ពុជា ក្រោមហេតុផលការរាលដាល COVID-19 និងមិនមានជើងហោះហើរ”។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឱ្យដឹងទៀតថា រហូតមកទល់ពេលបច្ចុប្បន្ន អ្នកដំណើរចូល កម្ពុជា គឺមានតែនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តែមួយគត់ ព្រោះព្រលានយន្តហោះខេត្តសៀមរាប និងខេត្តព្រះសីហនុ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែមិនមានជើងហោះហើរដូចសព្វដង ឡើយ ខណៈច្រកទ្វារព្រំដែន ជាមួយប្រទេសថៃ វៀតណាម និងឡាវ ក៏ត្រូវបានផ្អាកការចេញចូលជា បណ្តោះអាសន្ន។

ក្រសួងការបរទេស  និងសហប្របិត្តការអន្តរជាតិកាលពីសប្តាហ៍មុននេះ បានប្រកាសថា ជនបរទេស ដែលមានបំណងធ្វើដំណើរចូលកម្ពុជា ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែក សុខភាព នៃប្រទេសសាមីខ្លួន ដែលមានសុពលភាពមិនលើសពី៧២ម៉ោង មុនពេលធ្វើដំណើរ ដោយ បញ្ជាក់ពីអវិជ្ជមានកូវីដ–១៩ និងតម្រូវឱ្យមានឯកសារធានារ៉ាប់រង ដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំ នួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here