ដែន ចែងចាំង
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន SCG នឹងរៀបចំការប្រកួតប្រជែងផ្នែកសំណង់ជាលើកតំបូង ដើម្បីពង្រឹងគុណភាពក្នុងវិស័យនេះ។
ការប្រកួតសំណង់ទូទាំងប្រទេសនេះ ធ្វើឡើងដោយមានការប្រកួតប្រជែងរបស់ជាងសំណង់លើការងារបូកស៊ីម៉ងត៍ និងការងារប្រក់ដំបូល។ ការប្រកួតប្រជែ ងបូកស៊ីម៉ងត៍ នឹងធ្វើឡើងជំរុះក្នុងទីរួមខេត្តមួយចំនួន ហើយប្រកួតសម្រេចក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ២០១៨។ ចំណែកឯការប្រកួតប្រក់ដំបូលវិញ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ នៅខែធ្នូឆ្នាំ ២០១៨ផងដែរ។
-->

លោកឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន SCG កាលពីម្សិលម៉ិញនេះថា ការប្រកួតសំណង់នេះ នឹងជួយលើកតម្លៃរបស់ជាងសំណង់ បង្កើនសមត្ថភាពរបស់ពួកគាត់កាន់តែប្រសើរ។
នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ បានមានប្រសាសន៍ថា ការប្រកួតសំណង់ទូទាំងប្រទេសនេះ ក៏ជាផ្នែកមួយដែលគាំទ្រដល់ចក្ខុវិស័យរបស់ SCG ក្នុងការរួមចំណែកអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាល អប់រំ និងការលើកកំពស់បទដ្ឋានសំណង់នៅកម្ពុជា។ លោកបន្តថា ការប្រកួតនេះជាឱកាសល្អសម្រាប់ជាងសំណង់ ដើម្បីបង្ហាញជំនាញរបស់ខ្លួន និងកិត្តិនាមរបស់ខ្លួន។ ការទទួលបានកិត្តិនាមល្អមានន័យថា មានការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់ ដោយទទួលបានការទុកចិត្តពីម្ចាស់គម្រោងសាងសង់គម្រោងផ្សេងៗ។ ជាពិសេសអ្នកទទួលបានជ័យលាភី ក៏ទទួលបានប្រាក់រង្វាន់ចំនួន២លានរៀល និងអាចរួមដំណើរទស្សនកិច្ចអប់រំ ទៅប្រទេសថៃដែលរៀបចំដោយក្រុមហ៊ុន SCG ផងដែរ។
កាលពីដើមខែមីនាកន្លងទៅនេះ ក្រុមហ៊ុន SCG បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន២នៅរាជធានីភ្នំពេញ ដើម្បីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់ជាងសំណង់ តាមក្បួនខ្នាតត្រឹមត្រូវផងដែរ ហើយមជ្ឈមណ្ឌលទាំងពីរនេះ មានដូចជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា ថៃ៕










