រដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក

0

ដោយ ៖ រ៉ា​ណេ​ត

កែប ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដែលមាន​សក្ដានុពល និង​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​ក្នុងនាម​ជា​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត ដោយ​គ្រោង​ចាប់​អនុវត្ត​នៅ​ឆ្នាំ២០២១-២០៣៥ ខាងមុខនេះ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ លោក ទិ​ត ចន្ថា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ថា ពេលនេះ ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប បាន និង​កំពុងដំណើរការ​ជា​បណ្ដើរៗហើយ ដោយ​ក្រសួងទេសចរណ៍​ជឿជាក់ថា ផែនការ​មេនេះ​នឹង​ជួយ​ឱ្យ​ខេត្ត​កែប​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក។

លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា “ដំណើរការ​នៃ​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍៍​ទេសចរណ៍​ខេត្ត​កែប​នេះ ត្រូវបាន​ចាប់​អនុវត្ត​តាំងពី​ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ហើយ​ចាប់ពីពេលនេះ​តទៅ​មុខ នឹងមាន​ការចូលរួម​ផ្ដល់​ធាតុ​ចូល និង​ផ្ដល់​ការគាំទ្រ​ពី​សំណាក់​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ជំនាញ​នៅ​ថ្នាក់​ខេត្ត ដើម្បីឱ្យ​ការរៀបចំ​ផែនការ​មេនេះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ការទទួលខុសត្រូវ​រួម។

លោក​បាន​បន្តទៀតថា ដោយសារ​វិស័យ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​អន្តរ​វិស័យ ដូច្នេះ​ការរៀបចំ​ផែនការ​មេនេះ​ត្រូវ​គិតគូរ​ជា​អន្តរ​វិស័យ ដូចជា​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង-រាវ ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ដែល​ចាំបាច់​ត្រូវ​អនុលោម​តាម​សក្ដានុពល និង​ធនធាន​ដែលមាន​ជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែក​សាសនា វប្បធម៌ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​កែច្នៃ ធ្វើយ៉ាងណា​ឱ្យស្រប​តាម​ឯកសារ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​គាំទ្រ​ដទៃទៀត។ ជាមួយគ្នានេះ លោក​ក៏បាន​ណែនាំ​ដល់​ក្រុមការងារ​ដែល​ចូលរួម​សិក្សា​រៀបចំ​ផែនការ​មេនេះ ត្រូវ​រួមគ្នា​គិតគូរ​ទាំង​ភាព​វិជ្ជមាន អវិជ្ជមាន និង​ការគ្រប់គ្រង​ហានិភ័យ​ទៅលើ​ផ្នែក​បរិស្ថាន ប្រព័ន្ធ​ទឹកស្អាត សំណង់ សូ​រិ​យោ​ដី សាធារណការ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត សំដៅ​ធ្វើឱ្យ​ភ្ញៀវទេសចរ​ដិត​ជាប់​ការចងចាំ​ចំណុចពិសេសៗ ក្រោយ​បានមក​ទស្សនា​ខេត្ត​នេះ។

ក្រសួងទេសចរណ៍​ក៏បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​កែប​បង្កើត​ក្រុមការងារ​ជំនាញ​មួយ ដើម្បី​គាំទ្រ និង​ចូលរួម​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បីឱ្យ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ សម្រេចបាន​ប្រកបដោយ​ភាពត្រឹមត្រូវ សមភាព តម្លាភាព និង​ធានាបាន​និរន្តរភាព។

អភិបាលខេត្ត​កែប លោក កែន ស​ត្ថា បានបង្ហាញ​ពី​ការគាំទ្រ​ចំពោះ​សំណើ​របស់​ក្រសួងទេសចរណ៍ និង​បាន​លើកសំណើ​គម្រោង​ផែនការ​មួយចំនួន​ដាក់បញ្ចូល​ទៅក្នុង​ផែនការមេ​ខាងលើ ដូចជា​ការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​ទេសចរណ៍​ថ្មី (ចាប់ពី​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​រហូតដល់​ព្រៃកោងកាង) និង​ឆ្នេរ​ខ្សាច់​អង្កោល ស្ថិតក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ក៏ដូចជា​ការបង្កើត​កំពង់ផែ​ទេសចរណ៍​ខ្នាតតូច​នៅ​កោះទន្សាយ ការរៀបចំ​ឱ្យមាន​កន្ត្រក​ខ្សែ​រ៉ក​សម្រាប់​ឱ្យ​ទេសចរ​ជិះ​លេង​កម្សាន្ត​ពី​គោលដៅ​ទេសចរណ៍​មួយ​ទៅ​គោលដៅ​ទេសចរណ៍ផ្សេងៗទៀត​ជាច្រើន ដើម្បី​ធ្វើយ៉ាងណា​ពង្រីក​វិសាលភាព​នៃ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឱ្យសម្រេចបាន​ទៅតាម​ផែនការមេ​ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here