ខេត្ត​ចំនួន៣នៅតាម​តំបន់ឆ្នេរ​កំពុង​ប្រជែង​គ្នា​រៀបចំ​ឆ្នេរ​ថ្មី​ដើម្បី​ស្រូបយក​ភ្ញៀវ​ទេសចរណ៍

0

ដោយ ​វុត្ថា

ភ្នំពេញៈ នៅក្នុង​ឆ្នាំ២០២០នេះ ខេត្ត​នៅជាប់​ឆ្នេរសមុទ្រ​កម្ពុជា​ចំនួន ៣រួមមាន ខេត្តកំពត កែប និង​ព្រះសីហនុ បាន​នឹង​កំពុង​ប្រកួតប្រជែង​គ្នា ក្នុង​ការដាក់​ផែនការ​រៀបចំ​ឆ្នេរ​ថ្មី ដើម្បី​ស្រូបយក​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។

ការកែលំអរ​និង​រៀបចំ​ឆ្នេរ​នេះ ធ្វើឡើង​ស្របតាម​តាម​ការណែនាំ​របស់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (គ.អ.ឆ.ក)។

១) ឆ្នេរ​នៅ​តំបន់​កែប​ថ្មី នៃ​ខេត្តកំពត

រដ្ឋបាល​ខេត្តកំពត បានដាក់​ចេញ​ផែនការ​អភិវឌ្ឍ​ឆ្នេរ​ស្អាត​ថ្មី​មួយ ស្ថិតនៅក្នុង​តំបន់​កែប​ថ្មី ជាប់មាត់​សមុទ្រ​ប្រមាណ៨០ហិកតា ស្ថិតនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ដើម្បី​បង្កើន​ផលិតផល​ទេសចរណ៍ ឲ្យ​កាន់តែ​សម្បូរបែប​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ អាច​ទស្សនា​កំសាន្ត និង​ស្នាក់នៅ​យូរ​ជាង​មុន ខណៈ​កន្លងមក ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ មិនមាន​តំបន់ឆ្នេរ​សម្រាប់​ទទួល​ភ្ញៀវទេសចរ​នោះទេ។

លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រដ្ឋបាល​ខេត្តកំពត​នឹង​បន្ត​អភិវឌ្ឍន៍​ឆ្នេរ​ថ្មី​ស្អាត ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ប្រកបដោយ​ចិ​រ​ភាព និង​គុណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​ច្រើន​ក្នុង​ខេត្ត។

លោក​ឱ្យដឹង​បន្តថា “ខេត្តកំពត ជា​ខេត្ត​ស្ថិតនៅក្នុង​តំបន់ឆ្នេរ ប៉ុន្តែ​ពុំមាន​ឆ្នេរ​ខ្សាច់​សម្រាប់​បំរើ​សេចក្តីត្រូវការ​រប​ស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅឡើយ ដូច្នេះ​រដ្ឋបាល​ខេត្តកំពត បានធ្វើ​ការសិក្សា​រៀបចំ​បង្កើត នូវ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ថ្មី​មួយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​កែប​ថ្មី នៅ​ខាងលិច​ខេត្តកំពត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ក្នុង​ខេត្តកំពត” ។

២) ខេត្ត​កែប​គ្រោង​ពង្រីក​ឆ្នេរ​កម្សាន្ត២កន្លែង​ថ្មី​បន្ថែមទៀត

រដ្ឋបាលខេត្ត​កែប គ្រោង​ពង្រីក​ឆ្នេរ​កម្សាន្ត២កន្លែង​ថ្មី​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ឱ្យ​មកលេង​កម្សាន្ត​កាន់តែច្រើន​ថែមទៀត ខណៈ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ មានការ​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ហើយ​មាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ។

លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប បានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាព​ភ្ញៀវទេសចរ​មកកាន់​ខេត្ត​កែប កាន់​កើនឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នា អាជ្ញាធរ​កំពុង​សិក្សា​បង្កើត​តំបន់​ឆ្ន​រ ២កន្លែង​បន្ថែមទៀត ដើម្បី​បង្វែរ​ភ្ញៀវទេសចរ ទៅលេង​កម្សាន្ត​កន្លែងថ្មីៗទាំងនោះ​ផងដែរ ។

លោក​បន្តថា ខេត្ត​កែ​បច្ចុប្បន្ននេះ មាន​ឆ្នេរ​កម្សាន្ត​ប្រវែង៣៥០ម៉ែត្រ ដែល​ធ្វើឱ្យ​មានការ​កក​ណែន ដូច្នេះ រដ្ឋបាលខេត្ត​កំពុងតែ​ខិតខំ​ពង្រីក រៀបចំ​ឆ្នេរ២កន្លែង​ទៀត គឺ​ឆ្នេរ​ខ្សាច់​កម្សាន្ត​ជា​សារ​ធារ​ណៈ ដែលមាន​ប្រវែង​ប្រហែលជា៣គីឡូម៉ែត្រ គឺជា​ឆ្នេរ​ខ្សាច់​ធម្មជាតិ។

៣) ខេត្ត​កំពង់សោម​កំពុង​រៀបចំ​ឆ្នេរ​អូ​ត្រេះ២ និង​ឆ្នេរ​ជំទាវ​ម៉ៅ

រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង​រៀបចំ​សួន​កម្សាន្ត ឆ្នេរ​អូរត្រេះ២ប្រវែង១,៧៤៦ម៉ែត្រ និង ឈូសឆាយ​រៀបចំ​ឆ្នេរសមុទ្រ​ថ្មី​ដែល​ត្រូវបាន​ប្រសិទ្ធិ​នាម « ឆ្នេរ​ជំទាវ​ម៉ៅ » ប្រវែង​ប្រមាណ២៧០០ម៉ែត្រ ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយទៀត សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​សារ​ធារ​ណៈ។

សម្រាប់​ទីតាំង​ឆ្នេរ​នឹងត្រូវ​រៀបចំ​ថ្មី ដែលមាន​ទីតាំង​ស្រប​នឹង​ផ្លូវ​ជំទាវ​ម៉ៅ ដែល​ទើបតែ​ស្ថាបនា​ថ្មី (ផ្លូវ​ដែលមាន​ដើមឈើ​នៅ​ចំ​កណ្តាល ដើមឈើ​ចាំ​ស្នេហ៍) ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ «ឆ្នេរ​ជំទាវ​ម៉ៅ » នឹង​បង្ហាញ​សម្រស់ សោភ័ណភាព​ស្រស់បំព្រង និង​ជា​ឆ្នេរ​សាធារណៈ បម្រើ​ជូន​ភ្ញៀវ​ជាតិ អន្ដរជាតិ ទស្សនា​កម្សាន្ត និង​លេង​កម្សាន្ត​ដោយ​សេរី ។

ចំណែក​សួន​កម្សាន្ត​ឆ្នេរ​អូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រ​នឹងត្រូវ​រៀបចំ​ដូចជា ក្រាល​ការ៉ូឡា​កន្លែង​ចត​រថយន្ត រៀបចំ​កែលំអរ​សួនច្បារ និង​ដាំ​ដើមឈើ​ឡើងវិញ ក្រាល​ការ៉ូឡា​សំរាប់​ផ្លូវ​ថ្មើ​ជើង តំឡើង​បង់​អង្គុយលេង សាងសង់​បន្ទប់ទឹក​ថ្មី រៀបចំ​កន្លែង​លេង​កីឡា​នៅលើ​ឆ្នេ​ខ្សាច់ រៀបចំ​កន្លែង​ហាត់ប្រាណ​បែប​ធម្មជាតិ រៀបចំ​សួន​កុមារ និង​ឡាន​ម្ហូប​ចល័ត​ដែលមាន​ស្តង់ដារ​អន្តរជាតិ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​ឱ្យ​បន្ត​សិក្សា​ឆ្នេរសមុទ្រ ចាប់ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រហូតដល់​ចុង​ឆ្នេរ​ជំទាវ​ម៉ៅ មាន​ប្រវែង​ប្រមាណ១៥គីឡូម៉ែត្រ ដើម្បី​កែលម្អ​ឆ្នេរសមុទ្រ ជា​លំហរ​សាធារណ:បម្រើឱ្យ​សាធារណ:ជន កាលណា​បាត់បង់​ឆ្នេរ នោះ​នឹង​បាត់បង់​ភ្ញៀវទេសចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here