ដោយ ហ្សូលី
សៀមរាប៖ គិតមកទល់ពេលនេះ រយៈពេល៥ ខែដំបូងនៃឆ្នាំ ២០២០ កម្ពុជាទទួលបានចំណូលជាង ១៨ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទេសចរបរទេស។
បើតាមទិន្នន័យពីសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបានចុះផ្សាយនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០នេះ បង្ហាញឱ្យឃើញថា ក្នុងរយៈពេល ៥ ខែដំបូង នៃឆ្នាំ ២០២០ មានភ្ញៀវទេសចរបរទេសចំនួន ៣៨៦,០៩៣ នាក់ បានទិញបណ្ណចូលទស្សនាប្រាសាទអង្គរវត្ត។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ តួលេខគឺធា្លក់ចុះប្រមាណ ៦៥,៤៦ភាគរយ។
ចំណែកឯប្រាក់ចំណូលពីការលក់បណ្ណនេះវិញ ទទួលបានចំនួន ១៨,០២១, ៣៣៦ ដុល្លារ ធ្លាក់ចុះ ៦៤,១៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩។
ថវិកាពីការលក់បណ្ណចូលទស្សនាប្រាសាទអង្ករវត្តជាង ១៨លានដុល្លារនេះ ទឹកប្រាក់ជាង ៧៧ម៉ឺនដុល្លារ ត្រូវដកទៅឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងជួយសម្រួលដល់ដំណើរការព្យាបាលកម្ពុជាដោយមិនបង់ថ្លៃ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ក្នុងរាជធានីភ្នំពេញផង និងខេត្តសៀមរាបផង។
ដើម្បីជាការអនុវត្តវិធានការ និងសម្រួលផលប៉ះពាល់មកល់វិស័យទេសចរណ៍ ដោយសារបញ្ហា Covid-19 នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តការបន្ថែមថ្ងៃជូនដល់ភ្ញៀវទេសចរបរទេសដែលទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរវត្ថ ដែលមានដូចជា៖
សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ ចំណែកឯសំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ និងសំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ។ ការបន្ថែមជូននេះ មានរយៈពេលចំនួន ៤ខែ អនុវត្តចាប់ពីថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០២០ តទៅ៕