ដោយ គង់ សូរិយា
ភ្នំពេញ៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្តាលនឹងអាចចាប់ផ្តើមបូមខ្សាច់ចាក់បំពេញ នៅក្នុងឆ្នាំនេះឬដើមឆ្នាំ២០១៩ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
អ្នកជំនាញផ្នែកនគរូបនីយកម្ម លោកបណ្ឌិតវ៉ាន់ វ៉ាតដែលបានដឹកនាំការរៀបចំប្លង់គោល ខេត្តកណ្តាល ពិសេសក្រុងតាខ្មៅបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងត្រូវដាក់បញ្ចួលជាតំបន់ពាណិជ្ជកម្មរបស់ខេត្ត នៅក្នុងប្លង់គោលរបស់ខេត្តកណ្តាល ដោយសារការវិនិយោគសាងសង់ព្រលានថ្មីនេះ នឹងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ពិសេសតំបន់នោះនឹងមានការអភិវឌ្ឍន៍ខ្លាំង។
លោកបណ្ឌិតបន្តថា “អ្វីដែលក្រុមហ៊ុនកំពុងធ្វើគឺសិក្សាប្លង់លំអិត មុនឈានទៅបូមខ្សាច់ចាក់បំពេញនៅពេលខាងមុខនេះ”។ លោកបន្តថា “ព្រលានយន្តហោះថ្មីនេះ គ្របដណ្តប់ឃុំចំនួន៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយវាមិនជាប់ជាមួយក្រុងតាខ្មៅទេ”។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ត្រូវបានចុះហត្ថលេខាសាងសង់ក្នុងកំឡុងដំនើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លឺ ឃឺឈាង និងចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិនរូបនេះ។
ក្រុមហ៊ុន OCIC សហការជាមួយក្រុមហ៊ុនចិន នឹងចំណាយទឹកប្រាក់១៥០០លាដុល្លារ ដើម្បីសាងសង់ព្រលាននេះលើផ្ទៃដីប្រមាណ៨០០ហិកតា។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរី វុត្ថាបានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងអាចសាងសង់មិនយូរទេ ដោយសារប្លង់ព្រលានយន្តហោះនេះ និងទុនវិនិយោគលើគំរោងនេះមានរួចអស់ហើយ ហេតុនេះការសាងសង់នឹងអាចចាប់ផ្តើមនៅឆ្នាំ២០១៩ ឬឆ្នាំ២០២០ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលណាមួយទេ។
លោកបន្តថា ទីតាំងព្រលាននេះ មានផ្ទៃដីប្រមាណ៨០០ហិកតា។ ចំនែកផ្ទៃដីដែលនៅសល់នៃផ្ទៃដីសរុប២៦០០ហិកតានោះ នឹងត្រូវសាងសង់ជាមជ្ឈម ណ្ឌលពាណិជ្ជកម្ម ដើម្បីគាំទ្រនិងធ្វើឲ្យតំបន់ជុំវិញព្រលាននេះ មានសកម្មភាពរសរវើក។
លោកបន្តថា “តាមធម្មតាការវិនិយោគព្រលានយន្តហោះ ចំណាយទុនធំណាស់។ បើធ្វើតែព្រលានក្រុមហ៊ុនមិនអាចរកប្រាក់ចំណេញបានទេ ហេតុនេះ ទើបក្រុមហ៊ុនត្រូវរៀបចំជាតំបន់ពាណិជ្ជកម្មនៅជុំវិញ ដែលយើងហៅថា Airport CITY”៕