ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ដែលមានសមាជិកជាង១លាននាក់នៅជុំវិញពិភពលោក នឹងឈានជើងចូលមកកាន់ទីផ្សារកម្ពុជានាពេលខាងមុខនេះ ដើម្បីជួយឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Khmer Realestate បានមានប្រសាសន៍ឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកដឹងនាព្រឹកថ្ងៃទី១៩ មេសានេះថា នៅថ្ងៃទី២៧ មេសាខាងមុខ លោកនឹងទៅកាន់ទីក្រុងឌូបៃ ដើម្បីចុះកិច្ចព្រមព្រៀងនាំយកក្រុមហ៊ុន FIABCI មកបង្កើតនៅកម្ពុជា។ FIABCI ជាសហព័ន្ឋអចលនទ្រព្យលំដាប់អន្តរជាតិ ដែលបានបង្កើតឡើងនៅប្រទេសបារាំងក្នុងឆ្នាំ១៩៥១ ដែលមានទីតាំងនៅប្រទេសចំនួន៤៤ មានសមា គមប្រកបដោយវិជ្ជាជីវៈជាសមាជិកចំនួន៨៧ មានសមាជិកគាំទ្រចំនួន២៣០០នាក់ មានទីតាំងការិយាល័យនៅចំនួន៧០ប្រទេស។ ក្រុមហ៊ុននេះក៏មានស្ថាប័នសាធារណៈចំនួន១៣ និងមានសមាជិកសរុបចំនួនជាង១លាននាក់នៅជុំវិញពិភពលោក។