ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមានសមាជិកជាង១លាននាក់នឹងឈានជើង ចូលទីផ្សារកម្ពុជា

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ដែលមានសមាជិកជាង១លាន​នាក់នៅជុំវិញពិភពលោក នឹងឈានជើងចូលមកកាន់ទីផ្សារកម្ពុជានាពេលខាង​មុខ​នេះ ដើម្បីជួយឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជា​អគ្គនាយកក្រុមហ៊ុន Khmer Realestate  បានមានប្រសាសន៍ឲ្យដឹងនៅលើ​បណ្តាញ​ទំនាក់ទំនងសង្គមរបស់លោកដឹងនាព្រឹកថ្ងៃទី១៩ មេសានេះថា នៅថ្ងៃទី២៧ មេសាខាង​មុខ លោកនឹងទៅកាន់ទីក្រុងឌូបៃ ដើម្បីចុះកិច្ចព្រមព្រៀងនាំយកក្រុមហ៊ុន FIABCI មកបង្កើតនៅកម្ពុជា។ FIABCI ជាសហព័ន្ឋអចលនទ្រព្យលំដាប់អន្តរជាតិ ដែលបានបង្កើតឡើងនៅប្រទេសបារាំងក្នុងឆ្នាំ១៩៥១ ដែលមានទីតាំងនៅប្រទេស​ចំនួន៤៤ មានសមា គមប្រកបដោយវិជ្ជាជីវៈជាសមាជិកចំនួន៨៧ មានសមាជិកគាំទ្រ​ចំនួន២៣០០នាក់ មានទីតាំងការិយាល័យនៅចំនួន៧០ប្រទេស។ ក្រុមហ៊ុននេះក៏មានស្ថាប័នសាធារណៈចំនួន១៣ និងមានសមាជិកសរុបចំនួន​ជាង​១លាន​នាក់នៅជុំវិញពិភពលោក។

លោក គីម ហ៊ាង បានបន្តថា ស្ថាបត្យករ ភ្នាក់ងារ អ្នកអភិវឌ្ឍន៍នានា អ្នកវិនិយោគ អ្នកគ្រប់គ្រងនានាចាប់អារម្មណ៍ធ្វើការងារនេះ អាចទាក់ទងនឹងធ្វើការងារជាមួយ​លោក​បាននាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here