ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានកំណត់និងចាប់ផ្តើមដាក់ឱ្យបណ្តាខេត្តចំនួន៥ នៅប៉ែកឦសានប្រទេស ដំណើរការនូវកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) ដំណាក់កាលទី២ ឆ្នាំ២០២០–២០២៤ដើម្បីពង្រឹងលទ្ធភាពទេសចរណ៍កាន់តែល្អប្រសើរ។
ជាមួយនឹងគម្រោងនៃកម្មវិធីខាងលើនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីលីន បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថា រដ្ឋាភិបាលបានកំណត់គោលដៅទេសចរណ៍ អាទិភាពយ៉ាងជាក់លាក់ជាមួយនឹងការដាក់ចេញនូវផែនការ និងកម្មវិធីអភិវឌ្ឍន៍ជាច្រើន ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែមានឧត្តមភាព។
លោកស្រីបញ្ជាក់ថា “ខេត្តទាំង៥ ដែលស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា គឺសុទ្ធតែមានសក្ដានុពលទេសចរណ៍ ធម្មជាតិផ្សេងៗពីគ្នា ជាពិសេសមានភាពទាក់ទាញផ្នែកអេកូទេសចរណ៍ រួមផ្សំជាមួយវប្បធម៌នៃការរស់នៅរបស់ជនជាតិដើម ប្រចាំតំបន់ ដែលកាន់តែបង្កើនភាពទាក់ទាញ និងបម្រើដល់វិស័យទេសចរណ៍”។លោកស្រីបន្តថា “ ប៉ុន្តែអ្វីដែលសំខាន់ គឺការចូលរួមអភិវឌ្ឍន៍ និងអភិរក្សរួមគ្នារវាងអ្នកនៅក្នុងតំបន់ ព្រមទាំងវិស័យឯកជន ដើម្បីបង្កើនជាផលិតផលទេសចរណ៍ថ្មីបន្ថែម”។
នៅក្នុងឱកាសនេះ លោកស្រីឆាយ ស៊ីវលីន ក៏បានបញ្ជាក់ផងដែរថា ទោះបីជាតំបន់ប៉ែកខាងឦសានទាំង៥ខេត្ត ខាងលើនេះមានសក្ដានុពល និងភាពទាក់
ទាញក្នុងវិស័យទេសចរណ៍យ៉ាងណាក៏ដោយការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជាផ្លូវថ្នល់និងស្ពានឱ្យមានភាពងាយស្រួលធ្វើដំណើរជាកត្តាសំខាន់ព្រោះនៅពេលមានភាពងាយស្រួលធ្វើដំណើរភាពទាក់ទាញទេសចរកាន់តែមានច្រើន។
ខេត្តទាំង៥ដែលត្រូវបានអនុវត្តនូវកម្មវិធីខាងលើនេះរួមមានខេត្តក្រចេះខេត្តស្ទឹងត្រង់ខេត្តមណ្ឌលគីរីខេត្តរតនគីរីនិងខេត្តព្រះវិហារ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ប៉ាក់ សុខុមបានមានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍជំនាញ (SDP) ដំណាក់កាលទី២នេះ ពិតជាមានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតងក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងរួមចំណែកដល់កាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានោះ លោកក៏បានជំរុញដល់អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រធានមន្ទីរទេសចរណ៍ខេត្តទាំង៥ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការស្វីសខន់ថាក់ ឱ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕