រដ្ឋបាលខេត្តកំពង់ឆ្នាំងត្រៀមវិនិយោគរមណីយដ្ឋានធម្មជាតិមួយដើម្បីទាក់ទាញទេសចរណ៍

0

ដោយ ហ្សូលី

ភ្នំពេញៈ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបង្ហើបឱ្យដឹងពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ធម្មជាតិទឹកធ្លាក់មួយកន្លែងស្ថិតនៅខេត្តកំពង់ឆ្នាំងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តបន្ថែមទៀត។

លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២០នេះថា តំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយមួយនេះ មិនទាន់ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនៅឡើយទេ ដោយសារតែពេលនេះមានភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យការធ្វើដំណើរពិបាកជាងមុន។

លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានការលំបាកបន្តិច ដោយសារផ្លូវនៅរដូវវស្សានេះ មានភ្លៀងហូរច្រោះកាត់ផ្លូវ ដែលធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរ ប៉ុន្តែដោយសារតែការយកចិត្តទុកដាក់ របស់លោកអភិបាលខេត្ត ដែលលោកធ្លាប់មានការណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលធ្វើផ្លូវ ហើយនិងធ្វើការស្ថាបនាផ្លូវជាបន្តបន្ទាប់ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរទៅលេងកម្សាន្ត

មន្ទីរទេសចរណ៍រួមទាំងអាជ្ញាធរពាក់ព័ន្ធបានត្រៀមរៀបចំកែលម្អតំបន់ទឹកធ្លាក់អន្លង់ស្វាយនេះបន្ថែមទៀតដូចជារៀបចំកែលម្អកញ្ចុះអង្គុយលេងសេវាកម្មម្ហូបអាហារមានគុណភាពអនាម័យកែលម្អបន្ទប់ទឹកនិងកែលម្អផ្លូវធ្វើដំណើរជាដើម។

ទន្ទឹមនេះ រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ពិតជាមានសម្រស់ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុង ព្រៃភ្នំដ៏ត្រជាក់ មានទេសភាពល្អប្រណិត មានខ្យល់បរិសុទ្ធមិនចាញ់ទឹកធ្លាក់នៅតំបន់ផ្សេងៗនោះទេ។

ក្រោយពីអភិវឌ្ឍន៍តំបន់រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អន្លង់ស្វាយនេះរួចរាល់ នឹងមានភ្ញៀវទេសចរមកលេងកម្សាន្ត កាន់តែច្រើនថែមទៀតមិនខានឡើយ។ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here