ដោយ ហ្សូលី
ភ្នំពេញ៖ បន្ទាប់ពីបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា មានទីតាំងស្ថិតនៅខេត្តសៀមរាប បានប្រកាសពីការបិទអាជីវកម្មរបស់ខ្លួនជាផ្លូវការ ដោយសារវិបត្តិហិរញ្ញវត្ថុ។
ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី ១១ តុលា ថ្មីៗនេះថា ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នឹងបិទដំណើរការអាជីវកម្មទាំងស្រុងនៅថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២០តទៅ។
សេចក្តីជូនដំណឹងដដែលឲ្យដឹងទៀតថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះជាគំហុក អស់រយៈពេលជាច្រើនខែ។ ដូច្នេះក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ការចំណាយនានាជុំវិញដំណើរការអាជីវកម្មទៀតបាន។
ភូមិវប្បធម៌ជាកូនភូមិទេសចរណ៍វប្បធម៌គម្រូមួយដែលមានសំណង់ផ្ទះ និង អគារប្រវត្តិសាស្រ្ដទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និង ជីវភាពរបស់ជនជាតិទាំងអស់ ។ កន្លែងនេះមានទំហំ ២១០ ០០០ ម៉ែត្រការ៉េ ស្ថិតក្នុងក្រុងសៀមរាប ។
មានភូមិចំនួន ១២ ដែលតំណាងឲ្យវប្បធម៌ផ្សេងគ្នា និង ចរិតលក្ខណៈរបស់ជនជាតិ ១៩ ។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្ដែងរបាំប្រពៃណីខ្មែរ និង របាំប្រពៃណីរបស់ជនជាតិភាគតិចក្នុងប្រទេសកម្ពុជា និង អាចទស្សនាការសំដែងលើប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ព្រមទាំងទស្សនីយភាពដែលសម្ដែងអំពី ប្រវត្តិសាស្រ្ដខ្មែរនាសម័យអង្គរ ក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ ទៀតផង។ នៅតាមភូមិនីមួយៗ ភ្ញៀវទេសចរក៏អាចមើលឃើញការបង្ហាញពីរបៀបឆ្លាក់លើផ្ទាំងថ្ម លើឈើ ដំគ្រឿងប្រាក់ និង ឆ្នៃត្បូង។
នៅទីនោះក៏មានសារមន្ទីរក្រមួនដែលបង្ហាញពីរូបប្រវត្តិសាស្រ្ដផ្សេងៗ តាំងពីរបៀបសាងសង់ប្រាសាទអង្គរវត្ត ជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យចេនឡា និង រូបតំណាងឲ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ដផ្សេងៗទៀត ។ លើសពីនេះទៅទៀត នៅទីនោះមានរូបគម្រូ ១/២០ នៃផ្សារធំថ្មី ព្រះបរមរាជវាំង វត្តភ្នំ នៅភ្នំពេញ ភ្នំឧត្តុង្គ និង មានសំណង់គម្រូនៃខ្ទម និង ផ្ទះខ្មែរ, ផ្ទះជនជាតិ, វត្ត និង វិហារឥស្លាម ។ ដំណើរកម្សាន្ដនៅ ភូមិវប្បធម៌កម្ពុជា ជាដំណើរទេសចរណ៏ដែលមិនអាចបំភ្លេចបាន ៕