រដ្ឋាភិបាលចាប់ផ្តើមរៀបចំផែនការរៀបចំពិធីបើក-បិទ និងការរត់ភ្លើងគុបស៊ីហ្គេម ២០២៣

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាលបាន និងកំពុងរៀបចំបើកកិច្ចប្រជុំដើម្បីពិភាក្សារៀបចំពិធីបើកបិទ និងការរត់ភ្លើងគុបសំរាប់កីឡាស៊ីហ្គេម ដែលកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនៅឆ្នាំ២០២៣ខាងមុខ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ... (CAMSOC)លោកថោង ខុន បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើរបៀបវារៈសំខាន់ៗ នៅព្រឹកថ្ងៃអង្គារ៍ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOCបានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺបន្តពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពគណៈកម្មការពិធីបើកពិធីបិទ ស៊ីហ្គេម ២០២៣ និងការត្រៀមរៀបចំការរត់ភ្លើងគុប។

របៀបវារៈទី១ សម្រាប់ការរៀបចំពិធីបើកបិទ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ យើងមានគណៈកម្មការជំនាញរបស់ខ្លួន ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជាអ្នកជំនាញដែលមានព្រឹទ្ធាចារ្យរដ្ឋលេខាធិការដែលជាក្រុមការងារពិសេសជួយជ្រោមជ្រែងរៀបចំពិធីបើកបិទនេះដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បានគាំទ្រនិងជំរុញយ៉ាងខ្លាំងដល់ការរៀបចំនេះ។

លោកបន្តថាយើងឃើញថាការរៀបចំជាកម្លាំងនេះមានលទ្ធផលល្អហើយការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិតថោងខុនប្រធានអង្គប្រជុំបានដាក់ចេញឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះដោយឲ្យធ្វើការឲ្យបានរួចរាល់នៅក្នុងកិច្ចសហការប្រឹក្សាយោបល់ពីភាគីចិនជាមួយខាងជំនាញវប្បធម៌កម្ពុជា។

លោកអគ្គលេខាធិការបន្ថែមថា ព្រឹទ្ធាចារ្យវប្បធម៌ជាអ្នករៀបចំ និងបង្ហាញនូវរបៀបរបបនៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ តាំងពីបុរាណរហូតដល់បច្ចុប្បន្ន និងរំលេចចេញមកដល់នយោបាយឈ្នះៗ ដែលជាសម័យរុងរឿងសម័យតេជោរបស់យើង។ ពិធីបើកបិទនេះ គឺយើងត្រូវធ្វើយ៉ាងណា ឲ្យមានការទទួលខុសត្រូវ ការប្រទាក់ក្រឡាជាមួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

លោកបណ្ឌិត ថោង ខុនបានថ្លែងថា តើយើងត្រូវប្រមែប្រមូលធនធានមនុស្សមកពីស្ថាប័នណាខ្លះ ដើម្បីត្រៀមឲ្យពិធីបើកបិទនេះ មានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះពិធីបើកបិទនេះត្រូវការទាំងអ្នកជំនាញត្រូវការធនធានមនុស្សសម្រាប់ការហ្វឹកហាត់ត្រៀមដែលត្រូវចាប់ផ្តើមពីឆ្នាំក្រោយនេះរហូតដល់ឆ្នាំ២០២៣ខាងមុខ។

លោកបន្តថា សម្រាប់សមាសភាពចូលរួមសម្តែងក្នុងពិធីបើកបិទនេះ គឺមានខាងកងយោធពលខេមរភូមិន្ទ ដែលចាំបាច់ត្រូវមានចំនួនដ៏ច្រើន រួមទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកជំនាញ ព្រមទាំងត្រូវការសមាសភាពធនធានមួយចំនួនទៀតពីក្នុងចំណោមយុវជន ដែលជាសិស្សនិស្សិតរបស់យើង។ ការបង្ហាញនៅក្នុងពិធីបើកបិទនេះ គឺយើងត្រូវសង្កត់ធ្ងន់ទៅលើការបង្ហាញពីមូលដ្ឋានគ្រឹះ ភាពអស្ចារ្យនៃអរិយធម៌ វប្បធម៌របស់យើង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំនូវភាពលម្អិត ដើម្បីបង្ហាញចេញនូវភាព «ឯក» នៅក្នុងវប្បធម៌ខ្មែរ។

លោកបន្តថា នៅក្នុងពិធីបើកបិទនេះ យើងបានរៀបចំជាគ្រោងរួចរាល់អស់ហើយៗមានប្រក្រតីទិនពិធីបើកបិទរួចដែរ ហើយនៅថ្ងៃនេះយើងបានចុះហត្ថលេខាលើប្រក្រតីទិនការងារនៃពិធីបើកបិទ ដែលយើងបានផ្តល់ជូនដល់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីសម្រេចចុងក្រោយ ដែលប្រក្រតីទិននេះមានតាមលំដាប់លំដោយ ប្រយោជន៍ផ្តល់ភាពងាយស្រួល ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវវឌ្ឍនភាពការងារជាបន្តបន្ទាប់។

ចំណែករបៀបវារៈទី២ ដែលផ្តោតសំខាន់លើការរត់ភ្លើងគុប ស៊ីហ្គេម ឆ្នាំ២០២៣នេះ ក៏យើងបានកំណត់នូវពេលវេលាច្បាស់លាស់រួចរាល់ហើយដែរ ហើយនៅសប្តាហ៍ក្រោយៗទៀត យើងនឹងលម្អិតនូវកម្មវិធីរត់ភ្លើងគុបនេះ ដែលត្រូវប្រារព្ធពិធីសុំភ្លើងគុបពីព្រះអាទិទេព រួចហើយត្រូវរត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចេញទៅបណ្តាប្រទេសទាំង១០ផ្សេងទៀត ដែលជាសមាជិកអាស៊ីអាគ្នេយ៍ ហើយរត់ចូលមកកម្ពុជាវិញ រហូតដល់ពិធីបើកផ្លូវការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here