ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ វិស័យសំខាន់ៗចំនួនបួន បាន និងកំពុងក្លាយជាកំលាំងចលករជម្រុញកំនើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យបានក្លាយជាមូលដ្ឋានគាំទ្រកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសនេះ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបានប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកបន្តថា “ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)”។