ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ វិស័យសំខាន់ៗចំនួនបួន បាន និងកំពុងក្លាយជាកំលាំងចលករជម្រុញកំនើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យបានក្លាយជាមូលដ្ឋានគាំទ្រកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់ប្រទេសនេះ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបានប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកបន្តថា “ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)”។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia បានលើកឡើងផងដែរថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ ជាមូលដ្ឋានដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ដែលបានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីលើឆាកអន្តរជាតិ ហើយកម្ពុជាស្ថិតក្នុងក្រសែភ្នែកឬគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។
មូលដ្ឋានច្បាប់វិនិយោគដ៏ល្អ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋធ្វើម្ចាស់ក្រុមហ៊ុន១០០ភាគរយនៅកម្ពុជា ការផ្ទេរសាច់ប្រាក់ចំណេញទៅបរទេសមិនមានការបង់ពន្ឋ ច្បាប់សហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញផ្ទះចាប់ពីជាន់ទី១ឡើងទៅ ជាដើម សុទ្ឋតែជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការគាំទ្រការរីកចម្រើននៃវិស័យនេះ៕