អាកាសយានដ្ឋានអន្តរជាតិធំៗចំនួន២របស់កម្ពុជានឹងបញ្ចប់តាមការគ្រោងទុក ទោះមានវិបត្តិកូវីដ១៩នាពេលបច្ចុប្បន្ន

0

ដោយ៖ ប៊ី

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិលបានបញ្ជាក់ថា អាកាសយនដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល និងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប នឹងអាចបញ្ចប់គម្រោងសាងសង់នៅត្រឹមឆ្នាំ២០២៣ដូចគ្នា ខណៈក្នុងវិបត្តិកូវីដ១៩ ផលប៉ះពាល់ការសាងសង់អាកាសយានដ្ឋាននៅកម្ពុជាក្នុងឆ្នាំ២០២០ មានកម្រិតតិចតួចបំផុត។

លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីម្សិលមិញថា ក្នុងឆ្នាំ២០២០ ផលប៉ះពាល់ការសាងសង់អាកាសយានដ្ឋាននៅប្រទេសកម្ពុជាក្នុងវិបត្តិជំងឺកូវីដ១៩ មានកម្រិតតិចបំផុត។

លោកបានថ្លែងថា “ក្នុងវិបត្តិជំងឺកូវីដ១៩ នៅឆ្នាំ២០២០ កន្លងទៅនេះមានកម្រិតប៉ះពាល់តិចបំផុតទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យអាកាសយានដ្ឋាន ដែលកំពុងដំណើរការនៅកម្ពុជា”។

លោកបានថ្លែងថា “បើតាមការសង្កេតឃើញថា មានផលប៉ះពាល់តិចបំផុត ហើយកម្ពុជាក៏បានរៀបចំពីមុន ដូច្នេះមិនមានការផ្លាស់ប្ដូរទេ ឧទាហរណ៍ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល គឺគម្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣”។

ជាមួយគ្នានេះ លោកស៊ិន ចាន់សិរីវុត្ថា បានប្រាប់ថា សម្រាប់អាកាសយានដ្ឋាននៅខេត្តសៀមរាបថ្មី ក៏នឹងមានគម្រោងបញ្ចប់នៅឆ្នាំ២០២៣ដូចគ្នា។ រីឯអាកាសយានដ្ឋានអន្តរជាតិតារាសាគរក៏នឹងត្រូវបញ្ចប់ទៅតាមកម្មវិធី ដែលបានព្រៀងទុកផងដែរ។

លោកបានឲ្យដឹងថា បញ្ហាដែលប៉ះពាល់តិចទៅលើការសាងសង់វិស័យអាកាសយានដ្ឋាននៅកម្ពុជា ដោយសារតែរាជរដ្ឋាភិបាលមានការដាក់ចេញវិធានការ ទាន់ពេលវេលា។ លោកបានបន្តថា វិធានការទាំងនោះ ដាក់ចេញទៅពាក់ព័ន្ធដល់អ្នកធ្វើដំណើរដូចជា៖ អ្នកជំនាញការវិស្វករ អ្នកជំនាញការផ្សេងៗ និងអ្នកធុរកិច្ចជាដើម ដែលមានទំនាក់ទំនងសាងសង់នៅអាកាសយានដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here