ដោយៈ គង់ ម៉ាលីន
ភ្នំពេញ៖ កម្ពុជា បាននិងកមពុងត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានអាស៊ានឆ្នាំ២០២២(ASEAN Tourism Forum-ATF 2022) ខាងមុខនេះ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការលើកម្ពស់ និងបង្ហាញពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
តាមរយៈក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានក្រោមប្រធានបទ “អាស៊ាន សហគមន៍សន្តិភាព និងវាសនាតែមួយ” (ASEAN – A Community of Peace and Shared Future) ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ មានព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន(ASEAN Tourism Ministers Meetings) កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន(ASEANNTOS Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន(ASEANTA Meetings) សិក្ខាសាលានានា និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX)។
ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ានដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់២០ ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុនក្រុមហ៊ុនជាអ្នកទិញ(Buyers) ប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ -អន្តរជាតិ ១០០រូប មកពីជុំវិញពិភពលោក។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញសាធារណជន ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋឯកជន ស្ថាប័នពាក់ព័ន្ធសហគមន៍ទេសចរណ៍អ្នកសារព័ត៌មានចូលរួមសហការនិងផ្សព្វផ្សាយផលិតផលទេសចរណ៍ល្អៗរបស់យើងដល់អ្នកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានខាងលើ ឱ្យបានទូលំទូលាយ ក៏ដូចជាចូលរួមស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ៕