ដោយ ៖ រ៉ាណេត
បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងអនុវត្តតាមប្លង់គោលនៃការរៀបចំ និងអភិវឌ្ឍន៍ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែទាក់ទាញខ្លាំង ជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់ ការបង្កើតសួនច្បារសាធារណៈ ជាពិសេសកំពុងបង្កើតតំបន់កម្សាន្តនៅស្របតាមមាត់ស្ទឹងសង្កែរក្បែរស្ពានថ្មថ្មីដែលទើបបញ្ចប់ការសាងសង់កាលពីពេលកន្លងទៅនេះ។
អភិបាលរងខេត្តបាត់ដំបង លោកសឿម ប៊ុនរិទ្ធីបានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា គម្រោង និងផែនការនៃការរៀបចំ អភិវឌ្ឍន៍ក្រុងបាត់ដំបងឱ្យកាន់តែមានសោភ័ណភាពគួរជាទីទាក់ទាញនោះ បច្ចុប្បន្នកំពុងតែអនុវត្តជាបណ្តើរៗហើយ។
លោកបន្តថា “រដ្ឋបាលខេត្តបាត់ដំបងបាន និងកំពុងស្ថាបនានៅតាមបណ្តាសួនច្បារនានាដែលមានស្រាប់ឱ្យកាន់តែស្រស់ស្អាត រួមជាមួយនឹងការបង្កើតទីកន្លែងកម្សាន្តសាធារណៈថ្មីៗជាច្រើនទីតាំង ជាក់ស្ដែងពេលនេះកំពុងតែរៀបចំ និងសាងសង់សួនច្បារស្ថិតស្របមាត់ស្ទឹងសង្កែរ និងនៅគល់ស្ពានថ្មថ្មីដែលស្ថិតនៅទល់មុខសាលាខេត្តបាត់ដំបង”។
លោកបន្តថា “យើងបានរៀបចំជាបណ្តើរៗហើយ ប៉ុន្តែនៅមានភាពយឺតយ៉ាវបន្តិចបន្តួចដោយសារទុកពេលឱ្យពលរដ្ឋដែលគាត់រស់នៅលើដីច្រាំងមាត់ស្ទឹងដែលជាសម្បត្តិរបស់រដ្ឋរុះរើលំនៅដ្ឋាន ដោយរដ្ឋបាលខេត្តអនុវត្តនូវការផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់ដែលជាទីតាំងមានសុវត្ថិភាពយ៉ាងត្រឹមត្រូវ”។
ជាមួយនឹងការរៀបចំបង្កើតជាតំបន់កម្សាន្តសាធារណៈនៅក្នុងក្រុងបាត់ដំបង លោកសឿម ប៊ុនរិទ្ធី ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តបាត់ដំបងទាំងមូលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិគួរឱ្យកត់សម្គាល់ ដែលក្នុងនោះក៏មានកំណើននៃការបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ផងដែរ ដូចជាគម្រោងសាងសង់បុរី លំនៅដ្ឋានបែបទំនើបតម្លៃសមរម្យជាច្រើនគម្រោងផងដែរ ហើយក្រៅពីនោះនៅមានគម្រោងវិនិយោគសាងសង់ជាសំណង់សណ្ឋាគារខ្ពស់ៗផងដែរ៕