ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ កម្ពុជាបាននិងកំពុងត្រៀមរៀបចំមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិព័រណ៍ឌូបៃ២០២០ ដោយមានការដាក់បង្ហាញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងវប្បធម៌ដ៏ល្បីល្បាញតាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នជូនដល់បណ្តាក្រុមហ៊ុន និងទេសចរអន្តរជាតិប្រមាណ២៥លាននាក់ដែលបានចូលរួមដើម្បីបង្កើនភាពទាក់ទាញដល់ការវិនិយោគបន្ថែមនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ ជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក មួយនេះបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ពិព័រណ៍ពិភពលោកមួយនេះមានសារៈសំខាន់ណាស់សម្រាប់បង្ហាញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា “វាគឺជាការបង្ហាញឲ្យពិភពលោកបានស្គាល់ ជាពិសេសជម្រុញទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមក និងអ្នកវិនិយោគតាមរយៈនៃការបង្ហាញអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់យើង ដូច្នេះត្រូវប្រាកដថាធ្វើយ៉ាងណា ដើម្បីរៀបចំព្រឹត្តិការពិព័រណ៍ពិភពលោកឌុយបៃ ២០២០ នៅពេលខាងមុខ ឲ្យទទួលបានជោគជ័យត្រចះត្រចង់ ដោយរចនាប្លង់ពន្លាជាតិកម្ពុជា និងជ្រើសរើសក្រុមហ៊ុនសាងសង់ដែលមានគុណភាព”។
លោកកៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិព័រណ៍ពិភពលោកឌុយបៃ២០២0នេះ ត្រូវបានលើកពេល រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ខាងមុខ ដែលមានរយៈពេល១៨២ថ្ងៃ នៅក្នុងសង្កាត់ឌុតបៃខាងត្បូង នៃរាជរដ្ឋាភិបាលសហភាពអារ៉ាប់រួម ដោយក្នុងព្រឹត្តិការនោះ នឹងមានប្រទេសជាង ២០០ ចូលរួម នឹងមានអង្គការអន្តរជាតិធំៗជាច្រើនទៀតបានចូលរួមផងដែរ ហើយត្រូវបានរំពឹងថា និងមានភ្ញៀវចូលទស្សនាប្រមាណជា២៥លាននាក់ ។
លោកបន្តថា ពាក់ព័ន្ធកិច្ចការខាងលើ អ្វីដែលក្រុមការងារលេខាធិការដ្ឋានបានកំពុងបំពេញ និងដំណើរការ គឺការត្រៀមរៀបចំ និងចូលរួមទិវាអាស៊ាន និងវេទិការ Gloal Business Forum នៅថ្ងៃទី ៨ និង ៩ ខែធ្នូ ឆ្នាំ២០២១ ការត្រៀមរៀបចំទិវាកម្ពុជា នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ និងការត្រៀមរៀបចំព្រឹត្តិការណ៍នានា ដែលរៀបចំដោយគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងចូលរួមតាមការអញ្ជើញរបស់ប្រទេសទាំងអស់នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក្រៅពីនេះយើងក៏បានត្រៀមរៀបចំនូវកម្មវិធីផ្សេងជាច្រើនទៀត។
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ២០២0 កម្ពុជានឹងរៀបចំទិវាកម្ពុជា នៅថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២២ ក្នុងនោះ ការប្រារព្ធពិធីនៅពេលព្រឹក គឺថ្លែងសន្ទរកថារួមគ្នារវាងកម្ពុជា និងសហភាពអារ៉ាប់រួម, ទស្សនាពន្លាជាតិសហភាពអារ៉ាប់រួម និងពន្លាជាតិប្រទេសជប៉ុន, ការបង្ហាញមុខម្ហូបខ្មែរ សម្តែង និងរៀបចំសមាគមន៍ចុងភៅកម្ពុជា, ការរៀបចំក្បូនដង្ហែ, ការរៀបចំវេទិការជម្រុញពាណិជ្ជកម្ម និងការសម្តែងសិល្បៈវប្បធម៌ខ្មែរជាដើម៕