ដោយៈ គង់ សូរិយា
កំពតៈ រដ្ឋាភិបាល ដែលមានក្រសួងក្រសួងបរិស្ថានជាសេនាធិការ បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ២ក្នុងទឹកដីខេត្តកំពត ជាតំបន់បេតិកភ័ណ្ឌធម្មជាតិ។
យោងតាមអនុក្រឹត្យលេខ១២ អនក្រ.បក និងលេខ១៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា ភ្នំទាំងពីរនេះ មានផ្ទៃដីសរុបប្រមាណ១០៨.៤៤ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីពង្រឹង និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។
អនុក្រឹត្យដដែលបានបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិទី១ គឺភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដីទំហំ២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ និងភ្នំដែលអភិរ័ក្សជាបេតិកភណ្ឌធម្មជាតិទី២ គឺភ្នំទទុង-ភ្នំតូច ដែលមានផ្ទៃដីទំហំ៨៣.៤៤ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។
ការចុះបញ្ជីភ្នំធម្មជាតិទាំងពីរនេះ គឺដើម្បីការពារសោភ័ណភាព និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ។
គិតរហូតមកទល់ពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន១១កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណជាង ២៨០០០ហិកតារួចមកហើយ៕