ដោយៈ រ៉ាណេត
កោះកុងៈ ក្រោយបញ្ចប់ការសិក្សាលម្អិត ទៅលើវិសាលភាពនៃគម្រោងវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនដ៏ធំ នៅក្នុងដែនឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង រដ្ឋាភិបាល បានសម្រេចកាត់ឆ្វៀលដីទំហំជិត៦០០ហិកតា ជូនប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ពីគម្រោង។
អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធីបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅក្នុងសប្ដាហ៍នេះថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងអនុញ្ញាតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅតំបន់ឧទ្យានជាតិបុទុមសាគរ មានឈ្មោះស៊ីណូម៉ិចសិន ក្នុងការអភិវឌ្ឍនៅនឹងកន្លែង ដោយក្នុងនោះរួមមាន ការបង្កើតជាតំបន់កម្សាន្ត និងលំហែរកាយតំបន់សេដ្ឋកិច្ច។
លោកបានបន្តថា “ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើនេះ រដ្ឋបាលខេត្តបានស្រងឈ្មោះរួចរាល់ហើយ ដោយមានចំនួនសរុបចំនួន១៣១គ្រួសារ ដែលត្រូវកាត់ឆ្វៀលដីចេញពីឧទ្យានជាតិបុទុមសាគរ ដើម្បីធ្វើប្រទានកម្មសិទ្ធិប្រជាពលរដ្ឋ មានទំហំប្រមាណ៥៩៨ហិកតា ដោយក្នុងនោះត្រូវបានរៀបចំជា២ទីតាំង ហើយបែងចែកទំហំផ្សេងគ្នា”។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ដីដែលត្រូវធ្វើការកាត់ឆ្វៀលពីមុនជាដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ស៊ីណូម៉ិចសិន ប៉ុន្តែបច្ចុប្បន្នដីទាំងនេះបានបំពេញលិខិតឯកសារសលាកបត្រ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចរាល់អស់ហើយ។ ដោយឡែកចំពោះដី ដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ គឺត្រូវធ្វើឡើងចំនួន២ទីតាំង ដោយទីតាំងទី១រៀបចំកាត់ជាដីឡូតិ៍ទំហំ២០ម៉ែត្រ x ៧០ម៉ែត្រ ស្ថិតនៅស្របផ្លូវសាយភូថង ហើយទីតាំងមួយទៀតត្រូវរៀបចំជាដីឡូតិ៍ដូចគ្នា ប៉ុន្តែមានទំហំ ២០ម៉ែត្រ x ១០០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្បែរគ្នា។
លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុងក៏បានឱ្យដឹងដែរថា សក្តានុពលទីតាំងភូមិសាស្ត្រនៅជាប់មាត់សមុទ្រ និងមានធនធានធម្មជាតិចម្រុះសម្បូរបែប បានធ្វើឱ្យខេត្តកោះកុង ទាក់ទាញបានគម្រោងវិនិយោគ លើគ្រប់វិស័យជាបន្តបន្ទាប់ ទោះបីក្នុងអំឡុងពេលពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ១៩ ក៏ នៅក្នុងតំបន់បុទុមសាគរនេះ មានគម្រោងអភិវឌ្ឍន៍ខ្នាតតូច ក្នុងវិស័យទេសចរណ៍មិនតិចជាង៧គម្រោងនោះទេ៕