ដោយៈគង់ សូរិយា
ភ្នំពេញ៖ ស្របពេលដែលការយល់ដឹងរបស់ប្រជាពលរដ្ឋ នៅមានកម្រិត ទាក់ទងនឹងការប្រើប្រាស់ចំណីអាហារឲ្យមានសុវត្ថិភាព អ្នកជំនាញសុខាភិបាលបានណែនាំវិធីចំនួន៥ ដើម្បីឲ្យចំណីអាហារដែលខ្លួនចំអិនទទួលទានមានសុវត្ថិភាព។
ដោយៈគង់ សូរិយា
ភ្នំពេញ៖ ស្របពេលដែលការយល់ដឹងរបស់ប្រជាពលរដ្ឋ នៅមានកម្រិត ទាក់ទងនឹងការប្រើប្រាស់ចំណីអាហារឲ្យមានសុវត្ថិភាព អ្នកជំនាញសុខាភិបាលបានណែនាំវិធីចំនួន៥ ដើម្បីឲ្យចំណីអាហារដែលខ្លួនចំអិនទទួលទានមានសុវត្ថិភាព។
លោកវេជ្ជបណ្ឌិតលី សុវណ្ណ ប្រធាននាយកដ្ឋានជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសរសេរសារបង្ហោះនៅលើគេហទំព័ររបស់ខ្លួន កាលពីពេលថ្មីៗនេះថា ដើម្បីឲ្យចំណីអាហារដែលលោកអ្នក ទទួលទានមានសុវត្ថិភាព សូមអនុវត្តន៍វិធីសាស្ត្រចំនួន៥ជំហ៊ាន ដូចជា ទី១ ត្រូវលាងដៃរបស់អ្នកមុនចាប់កាន់ចំណីអាហារ និងមុនពេលរៀបចំអាហារ ចូរលាងដៃរបស់អ្នកក្រោយពេលចេញពីបង្គន់ ចូរលាងសំអាតនិងធ្វើអនាម័យលើផ្ទៃរាបទាំងអស់ សម្ភារៈនិងឧបករណ៍ប្រើប្រាស់ សម្រាប់រៀបចំចំណីអាហារ និងការពារផ្ទះបាយ ចំណីអហារពីសត្វល្អិត សត្វកណ្តុរ និងសត្វផ្សេង។
ទី២ ដាក់អាហារឆៅនិងឆ្អិនដាច់ដោយទ្បែកពីគ្នា ដូចជាសាច់មាន់ ទា គ្រឿងសមុទ្រពីអាហារផ្សេងៗ ប្រើប្រាស់ឧបករណ៍ និងសម្ភារៈផ្ទះបាយដាច់ដោយទ្បែកពីគ្នា ដូចជាកាំបិត និងជ្រុញសម្រាប់ហាន់អាហារឆៅ ទុកដាក់អាហារក្នុងកន្លែងរបស់វា ដើម្បីជៀសវាងការប៉ះពាល់គ្នារវាងអាហារឆៅ និងអាហារឆ្អិន ព្រោះអាហារឆៅ ពិសេសពួកសត្វស្លាប ស៊ុត និងគ្រឿងសមុទ្រនិងទឹករបស់វា អាចមានមេរោគបង្កគ្រោះថ្នាក់ ដែលវាអាចឆ្លងចូលក្នុង ចំណីអាហារផ្សេងទៀតនៅពេលរៀបចំ និងទុកដាក់អាហារទាំងនេះ។
ទី៣ ចំអិនអាហារឲ្យបានឆ្អិនល្អ ពិសេសសាច់សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ ចូរយកអាហារដូចជាស៊ុប និងសម្លទៅដាំឲ្យពុះទ្បើងវិញ និងបញ្ជាក់ឲ្យច្បាស់ថាវាក្តៅដល់៧០អង្សាសេ។ចំពោះសាច់ និងសត្វស្លាប ត្រូវប្រាកដថាទឹករសរបស់វាទ្បើងថ្លា មិនមែនព៌ណក្រហមព្រឿងៗនោះទេ(តាមពិតត្រូវប្រើស៊ីតុណ្ហមាត្រ ដើម្បីវាស់កំដៅនេះ)និងកំដៅអាហារដែលបានឆ្អិនរួចហើយនោះ ឲ្យបានត្រឹមត្រូវទ្បើងវិញ។
ទី៤ ចូរកុំទុកអាហារឆ្អិនស្រាប់ នៅក្នុងសីតុណ្ហភាពធម្មតាក្នុងបន្ទប់លើសពីរម៉ោង ដាក់ចំណីអាហារដែលងាយស្អុយ ឬខូច និងអាហារដែលចម្អិនរួចទៅក្នុងធុងទឹកកក ឬទូរទឹកកកភ្លាម ក្នុងកម្រិតសីតុណ្ហភាពតិចជាង៥អង្សាសេ ទុកអាហារឆ្អិនឲ្យនៅក្តៅជានិច្ច ក្នុងកម្រិតសីតុណ្ហភាពលើស៦០អង្សាសេ និងចូរកុំទុកចំណីអាហារយូរពេក ទោះបីដាក់ក្នុងធុងទឹកកកឬទូរទឹកកកក៏ដោយ ព្រោះមេរោគអាចបំបែកខ្លួនយ៉ាងឆាប់រហ័ស ប្រសិនជាអាហារត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពធម្មតា។ការលូតលាស់របស់មេរោគ អាចថយចុះឬត្រូវបញ្ឍប់ នៅសីតុណ្ហភាពក្រោម៥អង្សាសេ។ មេរោគគ្រោះថ្នាក់មួយចំនួន នៅតែអាចលូតលាស់បានក្រោមសីតុណ្ហភាពទាបជាង៥អង្សាសេ។
ទី៥ ប្រើប្រាស់ទឹកស្អាត ឬកែច្នៃឲ្យមានសុវត្ថិភាពមុននឹងប្រើប្រាស់វា ជ្រើសរើសអាហារដែលនៅស្រស់ និងនៅទាំងមូល ជ្រើសរើសចំណីអាហារដែលរៀបចំដោយសុវត្ថិភាព ដូចជាទឹកដោះគោ ដែលបានធ្វើការសម្លាប់មេរោគរួច លាងបន្លែ ផ្លែឈើឲ្យបានស្អាតល្អ ជាពិសេសប្រសិនជាត្រូវរៀបចំញុំាឆៅ និងកុំប្រើប្រាស់ចំណីអាហារដែលហួសថ្ងៃ ខែ ឆ្នាំកំណត់ ព្រោះវត្ថុធាតុដើមឆៅ មានទឹក និងទឹកកកអាចចម្លងមេរោគ និងសារធាតុគីមីគ្រោះថ្នាក់។ សារធាតុគីមីពុល អាចកើតមានក្នុងអាហារខូចឬរលួយ។ ចូរយកចិត្តទុកដាក់ក្នុងការជ្រើសរើសចំ ណីអាហារឆៅ និងអនុវត្តវិធានការណ៍អនាម័យសាមញ្ញ ដូចជាការលាងសំអាត ការចិតសំបក អាចកាត់បន្ថយការប្រឈមមុខនឹងគ្រោះថ្នាក់បាន៕