ក្រុមហ៊ុនNagaCorpទទួលបានចំណូលជាង១២៧លានដុល្លារពីទីផ្សារកម្ពុជានៅត្រីមាសទី១ឆ្នាំនេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ ប្រតិបត្តិករកាស៊ីណូNagaCorp ចុះបញ្ជីនៅហុងកុងបានឱ្យដឹងថា ចំណូ​លរបស់ខ្លួន ពីអាជីវកម្មល្បែងចាប់ផ្តើមងើបឡើងវិញនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ ខណៈចំណូលនេះ មានកើនឡើងគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមហ៊ុនបានឱ្យដឹងនៅរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃព្រហ​ស្បតិ៍ម្សិលម៉ិញនេះថា ចំណូលពីអាជីវកម្មរបស់ខ្លួននៅត្រីមាសដំបូង បានងើបឡើងវិញដល់៩៩ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GGRAsia កាលថ្មីៗនេះ។

ក្រុមហ៊ុនNagaCorp ទទួលបានចំណូលពីអាជីវកម្មល្បែងបាន១២៧,៣៤លានដុល្លារ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ខណៈប្រាក់ចំណូលសុទ្ធមានចំនួន៧២,៦ លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ខែដំបូង ឆ្នាំ២០២១។

ក្រុមហ៊ុនNagaCorpកាលពីថ្មីៗនេះ បានប្រកាសបើកការដ្ឋានសាងសង់ មជ្ឈ​មណ្ឌ​លកម្សាន្តចំរុះដ៏ធំរបស់ខ្លួន (ណាហ្គា៣) បន្ទាប់ពីត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីពីរឆ្នាំមុន។

នៅក្នុងខែមករា ក្រុមកម្មករបានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣ នឹងជាប៉មសណ្ឋាគារ កម្ពស់ ៧៥ជាន់។

ក្រុមអ្នកអភិវឌ្ឍគម្រោងនេះបានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។

គម្រោងដែលមានទំហំគិតជាទឹកប្រាក់ ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់៥២ជាន់ ចំនួនពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here