កម្ពុជា វៀតណាមឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សគាំទ្រវិស័យទេសចរណ៍

ចែករំលែក

    ដោយៈ ចំំណាន

    ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា និងសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម (NEU) បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស គាំទ្រវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស ដែលលោកហួត ហាក់​រដ្ឋមន្រ្តីទេសចរណ៍អមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Bui Duc Tho នាយកសាកលវិទ្យាល័យជាតិសេដ្ឋកិច្ច (NEU)នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នាក្នុងឱកាសនេះ លោកនាយកសាកលវិទ្យាល័យបានជម្រាបជូន លោករដ្ឋមន្រ្តីពីការរួមចំណែករបស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលសិស្ស-និស្សិតវៀតណាម ពិសេសការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍វៀតណាមផងដែរ។

ជាកិច្ចឆ្លើយតប លោកហួត ហាក់ បានស្នើភាគីខាងវៀតណាមក្នុងការពិនិត្យលទ្ធភាព បង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច ការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សាសម្រាប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជា លើការគ្រប់គ្រងទេសចរណ៍ ស្ថិតិទេស​ចរណ៍ និងផែនការយុទ្ធសាស្ត្រទេសចរណ៍ ព្រមទាំងការផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរការសិក្សា និងកម្មសិក្សានៅប្រទេសវៀតណាមសម្រាប់និស្សិត និងមន្ត្រីទេសចរណ៍កម្ពុជា រួមទាំងការរៀបចំកម្មវិធី Summer Course សិក្ខាសាលា និងសន្និសីទរួមគ្នា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការអភិវឌ្ឍទេសចរណ៍ និងជំរុញការតភ្ជាប់ទេសចរណ៍កម្ពុជា-វៀតណាម ដែលកិច្ចសហប្រតិបត្តិការនេះអាចផ្តល់ជាមូលដ្ឋានដ៏ល្អ សម្រាប់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស គាំទ្រវិស័យទេសចរណ៍ប្រទេសទាំងពីរ តាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលអាចនឹងចុះហត្ថលេខានាពេលខាងមុខ នៅប្រទេសកម្ពុជា ឬនៅប្រទសវៀតណាម ព្រមទាំងបានឯកភាពក្នុងការសហការរៀបចំគ្គបណ្តុះបណ្តាលរយៈ និងទស្សនកិច្ច សិក្សាសម្រា​ប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងការសហការរៀបចំសិក្ខាសាលា ឬសន្និសីទរួស្រាវជ្រាវរួមគ្នា ដើម្បីជម្រុញការផ្លាស់ប្តូរចំណះដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរ៕

 


ចែករំលែក