ដោយៈ ចំណាន
ភ្នំពេញៈ កាលពីចុងសប្តាហ៍មុន លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទស្តីពី “ការអភិវឌ្ឍកម្មន្តសាលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ណ្ធ តំណាងវិស័យឯកជន វិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានគូសរំលេចអំពីនិន្នាការវិជ្ជមាន និងភាពធន់នៃសកម្មភាពវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែផ្តោតលើការទាក់ទាញ គម្រោងវិនិយោគឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ បង្កើនផលិតភាព បង្កើតការងារដែលមានជំនាញ និងប្រាក់ចំណូលសមរម្យ ព្រមទាំងជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។
ជាក់ស្តែង កម្ពុជាបាននិងកំពុងពង្រីកមូលដ្ឋាន ផលិតកម្មទៅកាន់ឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់ ដូចជា ការផលិតសំបកកង់រថយន្ត គ្រឿងបន្លាស់រថយន្ត កង់ បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ឧបករណ៍ពេទ្យ និងគ្រឿងសង្ហារិម។ល។ ជាមួយគ្នានេះ ក្រៅពីវិស័យកម្មន្តសាល កម្ពុជាក៏មានសក្តានុពលខ្ពស់ក្នុងការកែច្នៃកសិផលមួយចំនួនដូចជា ស្វាយចន្ទី ជ័រកៅស៊ូ ដំឡូងមី ស្រូវអង្ករ និងឈើដាំ ដែលត្រូវការក្រុមហ៊ុនមកវិនិយោគកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលក្នុងស្រុក។

លោកអគ្គលេខាធិការបានគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តស្តាប់មតិយោបល់ សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិន ព្រមទាំងបានអះអាងថា ការគាំទ្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនត្រឹមតែផ្តោតលើដំណាក់កាលនៃការចុះបញ្ជីគម្រោងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែគឺពេញមួយវដ្តនៃការវិនិយោគ ចាប់ពីការស្វែងរកកាលានុវត្តភាព ការសម្រេចចិត្តវិនិយោគ ការចាប់ផ្តើមប្រតិបត្តិការ រហូតដល់ការពង្រីកការវិនិយោគ។
វិស័យកម្មន្តសាល ជាវិស័យមួយដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ និងទាញយកបានតម្លៃបន្ថែមខ្ពស់ក្នុងសេដ្ឋកិច្ច ដូចជារោងចក្រដំឡើងរថយន្ត ផលិតសំបកកង់រថយន្ត គ្រឿងបន្លាស់រថយន្ត កង់ បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ឧបករណ៍ពេទ្យ និងគ្រឿងសង្ហារិមជាដើម៕






