ដោយៈយិន លាងគង់ៈស្ថាបនិកនិងជាអគ្គនាយក Propertyarea.asia
ភ្នំពេញៈ ពាក្យខ្លួនទីពឹងខ្លួន បានក្លាយជាឈាមខ្មែររាប់រយឆ្នាំមកហើយ ចាប់តាំងពីខ្មែរទទួលយកលទ្ឋិព្រះពុទ្ឋសាសនា ដែលសាសនានេះ បានប្រដៅមនុស្សឲ្យមានផ្នត់គំនិត “ខ្លួនទីពឹងខ្លួន” ប៉ុន្តែទាំងសង្ឃ និងអ្នកប្រាជ្ញសាសនានេះ មិនបានបកស្រាយឬពន្យល់ឲ្យបានក្បោះក្បាយ ដើម្បីធ្វើឲ្យជាតិសាសន៍នេះ យល់ពីជម្រៅនៃពាក្យប្រដៅមួយឃ្លានេះឡើយ។
ការបង្រៀនមិនច្បាស់ក្លាយជាការបំពុល
-->
នៅក្នុងជម្រៅនៃពាក្យខ្លួនទីពឹងខ្លួន ឬអត្តាហិ អន្តោ នាថោ មិនមានខុសឡើយ ប៉ុន្តែវាត្រូវបានគេយកទៅប្រើខុស ដោយសារអ្នកប្រាជ្ញជ្រៅជ្រះក្នុងសង្គម និងក្នុងសាសនាមិនបានពន្យល់ក្បោះក្បាយនោះទេ។
មិនពន្យល់រឿងអ្វី? ការពិតខ្លួនទីពឹងខ្លួន ជាការសំដៅដល់ការពង្រឹងសមត្ថភាពបុគ្គលនិមួយៗឲ្យមានចំណេះ ជំនាញ សីលធ៌ម គុណធ៌ម ដើម្បីប្រឡូកក្នុងសង្គម និងធ្វើឲ្យគុណភាពជីវិតរបស់ខ្លួនប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹង ជំនាញរបស់ខ្លួន។
ប៉ុន្តែនៅពេលប្រឡូកក្នុងសង្គម ទាំងសង្គមគ្រួសារ សង្គមការងារ សង្គមជាតិ មនុស្សត្រូវសាមគ្គីគ្នា លើកស្ទួយគ្នា ណែនាំគ្នា ដើម្បីប្រសិទ្ឋភាពការងារផង ទទួលបានប្រសិទ្ឋផលផងនៅក្នុងជីវិតការងារ និងជីវិតគ្រួសាររបស់ខ្លួនផង ប៉ុន្តែមូលដ្ឋានត្រូវចាប់ផ្តើមពាក្យខ្លួនទីពឹងខ្លូនជាមុន ដើម្បីទទួលបាននូវគុណតម្លៃជីវិត និងអាចធ្វើឲ្យសង្គមគ្រួសារ សហគមន៍៍ និងសង្គមជាតិមានភាពសុខសាន្ត។
វាក្លាយជាការបំពុល
និយាយត្រលប់ឡើងវិញម្តងទៀត ដោយសារការមិនពន្យល់បានច្បាស់លាស់ ដោយសារ ការមិនយល់ស៊ីជម្រៅនៃអត្ថន័យប្រៀនប្រដៅនេះ បានធ្វើឲ្យប្រជាជនខ្មែរកម្លាយពាក្យនេះទៅជា “សក់អ្នកណា ក្បាលអ្នកហ្នឹង” ឬក្រៅពីអញ មានតែអញជាដើម។
ដោយប្រកាន់យកសក់អ្នកណាក្បាលអ្នកហ្នឹង បានធ្វើឲ្យជាតិសាសន៍ខ្មែរកើតជំងឺអញនិយមកាន់តែខ្លាំង ស្លាប់អ្នកណាក៏បានឲ្យតែអញរស់ “ជាក់ស្តែងព្រឹត្តិការណ៍បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនាពេលនេះ” បានធ្វើឲ្យអាជីវករ អ្នកជំនួញមួយចំនួនបានលក់ទំនិញដំឡើងថ្លៃតាមតែចិត្តរបស់ខ្លួន ដោយមិនគិតពីទុក្ខលំបាករបស់ជនរួមជាតិរបស់ខ្លូន ដែលកំពុងភ័យខស្លន់ស្លោ និងមានបញ្ហាសេដ្ឋកិច្ចនោះទេ។
បញ្ហានៃការបំពុលដោយប្រយោលនូវពាក្យមួយឃ្លានេះ កុំថាឡើងសង្គមជាតិបែកបាក់ សូម្បីតែសង្គមគ្រួសារខ្មែរភាគច្រើន(អាចលើស៨០ភាគរយ) ដែលបងប្អូនបង្កើត ក៏ឈ្លោះគ្នា ដណ្តើមយកប្រៀបឈ្នះ ដណ្តើមយកឧត្តមភាពរៀងៗ ខ្លួនគួរឲ្យអាណិតអាសូរផងដែរ។
ប្រព័ន្ឋអប់រំរបស់ជាតិ
ក្រោមការដឹកនាំរបស់ប្រព័ន្ឋអប់រំជាតិ ដោយរដ្ឋមន្ត្រីបច្ចុប្បន្ន និងរដ្ឋមន្ត្រីក្រសួងអប់រំមុនៗ បានបន្តយករឿង “កុលាបប៉ៃលិន” យកមកដាក់ក្នុងកម្មវិធីសិក្សាមធ្យមសិក្សាទុតិយភូមិ ដែលក្នុងរឿងនេះបានឲ្យតម្លៃទៅលើពាក្យ “ខ្លួនទីពឹងខ្លូនរបស់តួអង្គចៅ ចិត្រ” ដែលជាកូនកសិករក្រីក្រ ប៉ុន្តែបានតស៊ូរហូតទទួលបានតួអង្គនាង “ឃុននារី” ដែលជាកូនថៅកែត្បូងនៅបរប៉ៃលិន។
ដោយខិតខំរំលេចនូវអត្ថបន័យ “ខ្លួនទីពឹងខ្លួន” អ្នកនិពន្ឋរឿងនេះ ដែលធ្លាប់បួសជាសង្ឃ បានព្យាយាមពន្លេចចេញនូវ “ចរិកតួអង្គ ដែលគោរពនូវពាក្យខ្លួនទីពឹងខ្លួន” ឡើង ប៉ុន្តែអ្នកនិពន្ឋ មិនបានពន្យល់ពីសារច្បាស់លាស់ណាមួយថា “ខ្លួនទីពឹងខ្លួន គួរមានអត្ថន័យ និងគួរប្រតិបត្តិបែបណាឡើយ” ។
ការចាក់បញ្ចូលនូវសារធាតុពណ៌ប្រផេះ (បញ្ញាញ្ញាណ)លើមនុស្ស ក្នុងកម្មវិធីសិក្សាសម្រាប់យុវជន ដែលប្រព័ន្ឋនៃការគិតរបស់ពួកគេនៅមានកម្រិត ការស្រូបយកនូវទស្សនណាមួយ កាន់តែយូរ បន្តិចម្តងៗ វាបានក្លាយជាឈាម ឬស្ថិតនៅក្នុងផ្នត់គំនិតខ្មែរតាំងពីដើមរៀងមក ហើយប្រព័ន្ឋនៃការគិត ឬគំនិតដែលមិនច្បាស់លាស់បែបនេះ វាបានក្លាយជាការបំពុលសង្គមរបស់ខ្លួន។
ត្រូវចងចាំថា គេរំលាយប្រទេសមួយ ឬធ្វើឲ្យប្រទេសមួយទន់ខ្សោយបាន គឺតាម រយៈមនោគមវិជ្ជា ដោយមិនចាំបាច់ប្រើប្រាស់អាវុធនោះទេ។ ហេតុនេះមនោគមន៍វិជ្ជាដែលហួសសម័យកាល និងមិនពន្យល់ឲ្យមានភាពច្បាស់លាស់ គួរត្រូវពិចារណាដកចេញពីកម្មវិធីសិក្សា ឬយកមកពន្យល់ខ្មែរឲ្យបានច្បាស់លាស់ ជាជាងសូត្រតែធ៌មបាលី និងសំង្ក្រឹត ដែលអត្ថន័យបែបណា មិនត្រូវបានពន្យល់ដល់អ្នកស្តាប់នោះឡើយ៕