រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម តាមបណ្តោយដងស្ទឹងសែន

0

    ដោយៈ ម៉ាណា

    កំពង់ធំៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម តាមបណ្តោយដងស្ទឹងសែន។

ពិធីនេះគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ និងបន្តរហូតចំនួន៣ថ្ងៃ។ ពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម ធ្វើឡើងដើម្បីរំលឹកដល់ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនៅឆ្នាំនេះ ខេត្តកំពង់ធំមិនមានប្រារព្ធពិធីធំដូចឆ្នាំកន្លងនោះឡើយ ព្រមទាំងដើម្បីបួងសួងសុំសេចក្តីសុខ និងជ័យជំនះជូនដល់បងប្អូនវីរៈកងទ័ពជួរផងដែរ។

លោកនួន ផារ័ត្ន បន្តទៀតថា អាជ្ញាធរខេត្តកំពង់ធំបាននិងកំពុងខិតខំរៀបចំ តុបតែងលម្អសួនច្បារតាមដងស្ទឹងសែន និងរៀបចំសោភណ្ឌភាពក្រុងស្ទឹងសែន ឱ្យកាន់តែមានភាពស្រស់ស្អាត ដើម្បីបង្កើតជាទីតាំងសប្បាយភាពជូនបងប្អូនប្រជាពលរដ្ឋ។

លោកបានស្នើដល់កងកម្លាំង មានសមត្ថកិច្ចបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅតាមគោលដៅសំខាន់ៗ ដើម្បីការពារហេតុការណ៍គ្រោះថ្នាក់ និងឧបទ្ទវហេតុកើតឡើងដូចជា៖ ចោ លួច ឆក់ ប្លន់ ដាក់ថ្នាំ លូកហោប៉ៅ បទល្មើស ព្រហ្មទណ្ឌ បទល្មើសឧក្រិដ្ឋជាដើម។

ជាមួយគ្នានេះអភិបាលខេត្ត បានជំរុញមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំរៀបចំប្រទីបរៀងៗខ្លួន ឱ្យបានច្រើន មានភាពស្រស់ស្អាត បណ្តែតតាមដងស្ទឹងសែន ដែលមានទីតាំងបណ្តែតចេញ ពីពោធិ៍បាក់ក នៃក្រុងស្ទឹងសែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here