ដោយៈឧត្តម
ប៉េកាំងៈ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដ៏ល្បីល្បាញរបស់កំពូលមហាសេដ្ឋី Elon Musk កំពុងប្រឈមនឹងព្យុះភ្លៀងនៅប្រទេសចិន ខណៈបណ្ដាគូប្រកួតប្រជែងក្នុងស្រុក ព្យាយាមប្រជែងដណ្ដើមយកចំណែកទីផ្សារ របស់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២២ មេសានេះ។
ទីភ្នាក់ងារឃ្លាំមើលទីផ្សាររបស់ប្រទេសចិន និងទីភ្នាក់ងារការពារអតិថិជនរបស់ចិន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី២១ មេសាថា ដោយលើកឡើងពីឧប្បត្តិហេតុមួយ នៅក្នុងពិព័រណ៍រថយន្តក្រុងសៀងហៃ (Shanghai Auto Show) ដែលត្រូវបានគេចែករំលែកសុះសាយពេញបណ្តាញទំនាក់ទំនងសង្គមចិន។
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នោះ កាលពីថ្ងៃច័ន្ទ ទី១៩ មេសា ស្ត្រីម្នាក់បានឡើងលើដំបូលរថយន្ត ហើយស្រែកថា នាងស្ទើរតែបាត់បង់ជីវិតទៅហើយ នៅពេលហ្វ្រាំងរថយន្ត Tesla របស់នាងគាំងមិនដំណើរការ។ នាងបានពាក់អាវយឺតដែលមានឡូហ្គោ Tesla និងពាក្យសរសេរថា “ហ្វ្រាំងគាំងមិនដំណើរការ”។
ពេលនោះស្ត្រីរូបនេះ ត្រូវបានក្រុមសន្តិសុខស្លៀកពាក់ស៊ីវិល ចាប់ផ្ដួលទៅនឹងដី។ ទិដ្ឋភាពនេះត្រូវបានមនុស្សម្នា ព្រមទាំងអ្នកកាសែតម្នាក់មកពីសារព័ត៌មាន Global Times ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលចិន ថតបង្ហោះតាមអ៊ីនធឺណិត។
-->
ជាលទ្ធផល ប៉ូលិសក្រុងសៀងហៃ បានឃុំខ្លួនស្ត្រីរូបនេះរយៈពេល៥ថ្ងៃ ចំពោះការបង្កចលាចល ប៉ុន្តែសាររបស់នាងនៅតែទទួលបានការចាប់អារម្មណ៍ឥតឈប់ឈរ។
ទីភ្នាក់ងារឃ្លាំមើលទីផ្សាររបស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា “ម្ចាស់រថយន្តTeslaម្នាក់ ដែលបានការពារសិទ្ធិរបស់នាង នៅឯពិព័រណ៍រថយន្តក្រុងសៀងហៃ កាលពីពេលថ្មីៗនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង”។

ទីភ្នាក់ងារដដែលបន្ថែមទៀតថា “រឿងនោះពិតជាសំខាន់ខ្លាំងណាស់” ហើយបានណែនាំឱ្យមន្រ្តីមូលដ្ឋាន “ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់អ្នកប្រើប្រាស់អនុលោមទៅតាមច្បាប់”។ ទីភ្នាក់នេះបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន “ត្រូវតែបំពេញការទទួលខុសត្រូវចម្បងរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ចំពោះគុណភាព និងសុវត្ថិភាពរបស់វា”។
សមាគមអ្នកប្រើប្រាស់ចិន ក៏បានចូលរួមបញ្ចេញប្រតិកម្មដែរ ដោយលើកឡើងថា ឧប្បត្តិហេតុនោះ “គួរឱ្យបារម្ភខ្លាំងណាស់”។
សមាគមនេះបានសង្កត់ធ្ងន់ថា “ប្រឈមមុខនឹងពាក្យបណ្ដឹងរបស់អតិថិជន ក្រុមហ៊ុនត្រូវតែស្តាប់ដោយយកចិត្តទុកដាក់ ចរចាដោយភាពស្មោះត្រង់ និងធ្វើការពន្យល់បកស្រាយជូនអតិថិជនដោយសមហេតុផល និងផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព”។
ក្រុមហ៊ុន Tesla បានចេញសេចក្ដីថ្លែងការណ៍មួយ លើបណ្ដាញទំនាក់ទំនងសង្គមចិន Weibo កាលពីថ្ងៃអង្គារ ទី២០ មេសាថា ខ្លួននឹងដោះស្រាយបញ្ហាទាក់ទិនរថយន្តរបស់ខ្លួន។
ជាការឆ្លើយតប ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ិនហួ (Xinhua) បានចេញផ្សាយបទវិចារណៈកថាមួយ ថ្កោលទោសសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Tesla ថា “ខ្វះភាពស្មោះត្រង់ជាមូលដ្ឋាន”។
ក្រោយមក ក្រុមហ៊ុន Tesla បានចេញសេចក្តីថ្លែងការណ៍ទី២ ដែលមានលក្ខណៈផ្សះផ្សាជាងមុន។
ក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋី Elon Musk គឺជាប៊្រែនរថយន្តអគ្គិសនី (EV) ដែលលក់ដាច់បំផុតនៅទូទាំងពិភពលោក និងនៅប្រទេសចិន ដែលជាយក្សអាស៊ី។ ក្រុមហ៊ុននេះ បានសាងសង់រោងចក្ររថយន្តអគ្គិសនីទី៣ របស់ខ្លួននៅសៀងហៃ ក្នុងឆ្នាំ២០១៩ ហើយលក់ចេញបាន១ភាគ៤ នៃស្តុករថយន្តរបស់ខ្លួនរួចទៅហើយនៅប្រទេសចិន។
មជ្ឈដ្ឋានទូទៅមើលឃើញថា ពាក្យបណ្ដឹងទាំងនេះកើតមានឡើង នៅពេលបណ្ដាក្រុមហ៊ុនចិន រួមមានក្រុមហ៊ុនស្មាតហ្វូនយក្ស Huawei និង Xiaomi ក្រុមហ៊ុន Alibaba និងសូម្បីក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនផលិតដ្រូន កំពូលរបស់ពិភពលោក សម្រុកនាំគ្នាហក់ចូលប្រឡូកក្នុងទីផ្សារផលិតរថយន្តអគ្គិសនី។
ប្រទេសចិន គឺជាទីផ្សាររថយន្តធំបំផុត ហើយក៏ជាទីផ្សាររថយន្តដែលផ្លាស់ប្ដូរទៅប្រើអគ្គិសនីលឿនបំផុតរបស់ពិភពលោកផងដែរ។ រដ្ឋាភិបាលចិន រំពឹងថា រថយន្តអគ្គិសនីនឹងមានចំណែករហូតដល់ទៅ២៥% នៃការលក់រថយន្តសរុបនៅត្រឹមឆ្នាំ២០២៥៕