ដោយៈ ប៊ី
ភ្នំពេញៈ កំណាត់ផ្លូវជាតិជាច្រើនខ្សែ ត្រូវបានបន្តខិតខំយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។
នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តរតនគីរី បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៨ លេខ៥២ លេខ៥៦ លេខ៦២ លេខ៦៤ លេខ៧២ លេខ៧៨ លេខ៩៥ លេខ៥៧B លេខ៧៨-៥ លេខ៥៧B1 និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។
-->

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្ម ចំពោះការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស រួមទាំងគម្រោងកែលម្អគម្រោងហេដ្ឋរចនាសម្ព័ន្ធផេងៗ នៅតាមបណ្តាខេត្ត និងជនបទជាដើម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដែលជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច។
ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយ លើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ជាមួយនេះដែរ មានការលើកឡើងថា ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីពង្រីកសសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកកាត់ថ្លៃ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដើម្បីឈានដល់ការប្រកួតប្រជែងក្នុងតំបន់ទៀតផង។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លា ប់លើកឡើងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងសង្គមជាតិដ៏មានប្រសិទ្ធភាព៕