ដោយៈតារា
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានបង្កើតឯកសារទស្សនាទានរួចហើយស្តីពី កញ្ចប់ទស្សនកិច្ចទេសចរណ៍ វ៉ាក់សាំងកូវីដ-១៩មកពីក្រៅប្រទេស និងបានសម្រេចថា នឹងស្នើប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដាក់ចេញនូវផែនការសកម្មភាពអាទិភាពមួយចំនួន។
ផែនការដែលដាក់ចេញរួមមាន ការរៀបចំស្នើសុំបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយផ្តោតអាទិភាពការអនុវត្ត គម្រោងក្នុងជំហានទី១នៅខេត្តសៀមរាប-អង្គរ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោកតុប សុភ័ក បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភានេះថា ផែនការរបស់ក្រសួងទេសចរណ៍នេះ គឺយើងទទួលយកតែភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩រួចរាល់ ហើយយើងទទួលតែភ្ញៀវ នៅតំបន់ណាដែលមានសុវត្ថិភាព អោយមកទស្សនាតែតំបន់មានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាយើង និងអាចផុតពីការអោយធ្វើចត្តាឡីស័ក។
លោកបន្តថា “ការត្រៀមសាកល្បងបើកទទួលភ្ញៀវទេសចរអន្តរជាតិ ជាកញ្ចប់នេះ គឺជាភ្ញៀវយើងគ្រប់គ្រងបានហើយ ត្រូវអនុវត្តន៍តាមការងារបីចំណុចសំខាន់ៗ ដែលយើងកំណត់ទុក”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីនបានគាំទ្រនូវចំណាត់ការផែនការសកម្មភាពទាំងបីចំណុច ដែលកំណត់ឡើងដោយក្រសួងទេសចរណ៍នោះ ពីព្រោះថា បើយើងរងចាំស្ថានភាពកូវីដ១៩ បាត់បង់អស់ពីភពផែនដីទេ ហើយការអូសបន្លាយយូរពេក ធ្វើអោយវិស័យទេសចរណ៍ ហើយអាជីវកម្មដែលពឹងផ្អែកលើកវិស័យទេសចរណ៍រងផលប៉ះពាល់កាន់តែខ្លាំងឡើងៗ។
លោកស្រីបានអំពាវនាវបណ្តាក្រុមហ៊ុនការីទេសចរណ៍ ត្រូវធ្វើការទទួលគ្រប់គ្រងភ្ញៀវទេសចរអន្តរជាតិជាកញ្ចប់នោះ ប្រកបដោយទទួលខុសត្រូវ ជាពិសេសបញ្ចុះតំលៃកញ្ចប់ទេសចរណ៍ ដែលមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។
គម្រោងសាកល្បងនៃការបើកទេសចរណ៍ មកពីក្រៅប្រទេសជាបណ្តើរៗនេះ នឹងត្រូវអនុវត្តន៍នៅក្នុងត្រីមាសទី៤ ដោយដំបូងផ្តល់ជូនខេត្តសៀមរាប អង្គរមុនគេ ហើយបើការអនុវត្តន៍បានជោគជ័យ ក្រសួងទេសចរណ៍នឹងពង្រីកបើកអោយភ្ញៀវទៅទស្សនាខេត្តព្រះសីហនុ បន្ទាប់មករាជធានីភ្នំពេញ និងបណ្តាខេត្តគោលដៅនានាទៀត ដែលសង្កត់ធ្ងន់លើយុទ្ធសាស្រ្តទាក់ទាញ ទីផ្សារទេសចរណ៍ដែលមានហានិភ័យកូវីដ-១៩ ទាបឬដែលមានការគ្រប់គ្រងការកូវីដ-១៩បានល្អ ឬទីផ្សារដែលស្ថិតក្នុងតំបន់ព័ណ៌បែតង៕