ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញគំរោងសាងសង់តួប៉ម(Tower)ធំនិងខ្ពស់មួយនៅកណ្តាលបឹងទន្លសាប សម្រាប់ធ្វើជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ទាក់ទាញ។
លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្នុងគំរោងសាងសង់ផ្លូវជាតិថ្មីមួយខ្សែប្រវែងប្រមាណ៧០ឡីឡូម៉ែត្រ តភ្ជាប់រវាងទីក្រុងសៀមរាប ឆ្ពោះទៅក្រុងបាត់ដំបង ក្រសួងមានគំរោងសាងសង់Towerខ្ពស់មួយ សម្រាប់ជាមជ្ឈមណ្ឌលទេសចរណ៍ សំរាកលំហែរកាយគយគន់ទេសភាពទន្លេសាបពីលើTowerនោះ ដែលគំរោងបែបនេះ បានរៀបចំរួចហើយនៅប្រទេសកូរ៉េ ជប៉ុន និងទីក្រុងហុងកុងជាដើម។
លោកបន្តថា “មជ្ឈមណ្ឌលទេសចរណ៍នេះ អាចផ្តល់ឱកាសឲ្យភ្ញៀវទេសចរណ៍សំរាកលំហែរ គយគន់ទេសភាព ញាំអាហារជាដើម ព្រោះទន្លេសាបរបស់យើងស្អាតណាស់ បើមើលពីលើអាកាស”។លោកបន្តថា “Towerបែបនេះ គឺស្ថិតលើផ្លូវដែលសាងសង់ពីសៀមរាប ទៅក្រុងបាត់ដំបង ព្រោះគំរោងនេះ មានស្ពានដ៏វែងមួយឆ្លងកាត់ទន្លេសាប”។