ដោយៈ ម៉ាណេត
ភ្នំពេញៈ ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងទី២ សម្រាប់ការផ្គត់ផ្គង់លំនៅហដ្ឋានផ្ទាល់ដីនាពេលបច្ចុប្បន្ន បន្ទាបពីខ័ណ្ឌសែនសុខ ជាជម្រើសទី១ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីថ្មីៗនេះ។
ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះ ជាទីដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោងដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់។
អ្នកជំនាញបាលើកឡើងថា ចំណូលចិត្តសម្រាប់គេហដ្ឋានផ្ទាល់ដី ក្នុងចំណោមប្រជាជនកម្ពុជា កំពុងធ្វើឱ្យមានប្រជាប្រិយភាព សម្រាប់ការរស់នៅឯជាយក្រុង ហើយប្រជាប្រិយភាពនេះ នឹងនៅតែបន្តរហូតដល់អនាគតកាល ដែលគេអាចសម្លឹងមើលឃើញ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋាននៅតែមានសក្តានុពលនៅឡើយ ទោះបីវិបត្តិជំងឺកូវីដក្តី ប៉ុន្តែចរន្តនៃការទិញលក់នៅតែមានភាពល្អប្រសើរ បើទោះជាមិនមានកំនើនខ្ពស់ដូចកំឡុងមុនវិបត្តិកូវីដ១៩ក្តី។
លោកបន្តថា “ដោយឡែកបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ដែលងាយស្រួលតភ្ជាប់មកនាន់រាជធានី បានធ្វើឲ្យតំបន់ច្បារអំពៅ មានភាពររីកចម្រើនទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ស្របពេលកំណើនប្រជាសាស្ត្រកើនឡើង ជាប្រចាំនៅតំបន់នេះ។ លោកបន្តថា “កំនើននៃការទិញលក់បុរី ដោយសារលក្ខខ័ណ្ឌបង់ប្រាក់កាន់តែងាយស្រួល ពិសេសមានការគាំទ្រពីធនាគារកាន់តែច្រើន” ។
ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិការក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យAMATAK Property Srevice បានមានប្រសាសន៍ថា តំបន់ផ្លូវជាតិលេខ១ រាប់ចាប់គិតពីចំណុចគល់ស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) រហូតដល់តំបន់ផ្សារព្រែកឯងស្ទើរតែមិនមែនជាតំបន់ជាយក្រុងទៀតនោះទេ ហើយក៏បានក្លាយជាផ្លូវក្រវ៉ាត់ក្រុង យ៉ាងសំខាន់ ដែលមានកំណើនប្រជាជន កម្រិតមធ្យមរស់នៅច្រើន និងជម្រុញឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងតំបន់កាន់តែល្អប្រសើរជាងមុន។
លោកស្រីបន្តថា “គម្រោងសំណង់ធំៗ នៅតំបន់នេះភាគច្រើនជាប្រភេទ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃមធ្យម និងកំពុងមានតម្រូវការទីផ្សារខ្ពស់ នៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត”។
ក្នុងរយៈពេល៦ខែ ឈានទៅឆមាសទី១ឆ្នាំ២០២១នេះ គម្រោងចំនួន២១ហើយ បានចាប់ផ្ដើមសម្ភោធ នៅក្នុងខ័ណ្ឌចំនួន៩ផ្សេងៗគ្នា សម្រាប់វិស័យអចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។
របាយការណ៍របស់CBRE ក៏បានប៉ាន់ប្រមាណដែរថា គម្រោងទាំង២១នេះនឹងបង្កើតគេហដ្ឋានចំនួន១៥ ៥០០យូនីធ ក្នុងការផ្គត់ផ្គង់អចលនទ្រព្យផ្ទាល់ដី នៅឯទីក្រុងភ្នំពេញ។
ចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០២០ វីឡាទោលមានការធ្លាក់ថ្លៃរហូតដល់២០.១% តាមពីក្រោយដោយផ្ទះ ជាប់ជាមួយនឹងការធ្លាក់ថ្លៃរហូតដល់១៩.៥%។ ប្រភេទអចលនទ្រព្យផ្ទាល់ដីផ្សេងទៀត ក៏ស្ថិតនៅក្នុងការប្រែប្រួល នៃការធ្លាក់តម្លៃផងដែរ ជាមួយនឹង១៦.៧%នៃផ្ទះហាង, ១៥.៤% នៃផ្ទះល្វែង និង១៣.៥%នៃវីឡាភ្លោះ៕