ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានសម្តែងសុទិដ្ឋិនិយមថា ការស្ថាបនាផ្លូវទាំង៣៨ខ្សែ នៅខេត្តសៀមរាប នឹងចូលរួមលើកកំពស់និងទាក់ទាញការវិនិយោគ ក្នុងវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប។
ស្ថាបនិក និងជានាយកក្រុមហ៊ុន ឃី រៀលអេស្ទេត លោកសន សៀប បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៦ មិថុនាឋកន្លងមកថា ទីផ្សារអចលនទ្រព្យក្នុងខេត្តសៀមរាប ពិសេសក្រុងសៀមរាប នឹងមានកំណើនវិញចាប់ពីចុងឆ្នាំ២០២១ គ្រាន់តែកំណើនបែបណា យើងត្រូវរង់ចាំមើលស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ជាមុនសិន។
លោកបន្តថា “ជាទូទៅបើនិយាយពីទីផ្សារអចលនទ្រព្យ គឺមានពាក់ព័ន្ធនឹងតម្លៃ និងសកម្មភាពទិញលក់”។លោកបន្តថា “ខ្ញុំគិតថាទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបនឹងល្អឡើងវិញចាប់ពីចុងឆ្នាំនេះ ព្រោះសកម្មភាពនៃការធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ និងការបើកទទួលភ្ញៀវទេសចរបរទេស នឹងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះទីផ្សារមួយនេះ”។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន កាលពីដើមខែមេសាបានលើកសំណើទៅសម្តេចតេជោហ៊ុន សែន ឱ្យពិចារណាពីការបើកទ្វារ ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ឱ្យចូលមកទស្សនា តាមគោលដៅទេសចរណ៍សៀមរាប-អង្គរចាប់ពីត្រីមាសទី៤ ឆ្នាំ ២០២១ខាងមុខនេះ។






