អ្នកជំនាញៈហេដ្ឋារចនាសម្ព័ន្ឋខេត្តសៀមរាបនឹងគាំទ្រការងើបឡើងវិញវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានសម្តែងសុទិដ្ឋិនិយមថា ការស្ថាបនាផ្លូវទាំង៣៨ខ្សែ នៅខេត្តសៀមរាប នឹងចូលរួមលើកកំពស់និងទាក់ទាញការវិនិយោគ ក្នុងវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប។
ស្ថាបនិក និងជានាយកក្រុមហ៊ុន ឃី រៀលអេស្ទេត លោកសន សៀប បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៦ មិថុនាឋកន្លងមកថា ទីផ្សារអចលនទ្រព្យក្នុងខេត្តសៀមរាប ពិសេសក្រុងសៀមរាប នឹងមានកំណើនវិញចាប់ពីចុងឆ្នាំ២០២១ គ្រាន់តែកំណើនបែបណា យើងត្រូវរង់ចាំមើលស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ជាមុនសិន។

លោកបន្តថា “ជាទូទៅបើនិយាយពីទីផ្សារអចលនទ្រព្យ គឺមានពាក់ព័ន្ធនឹងតម្លៃ និងសកម្មភាពទិញលក់”។លោកបន្តថា “ខ្ញុំគិតថាទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបនឹងល្អឡើងវិញចាប់ពីចុងឆ្នាំនេះ ព្រោះសកម្មភាពនៃការធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ និងការបើកទទួលភ្ញៀវទេសចរបរទេស នឹងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះទីផ្សារមួយនេះ”។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន កាលពីដើមខែមេសាបានលើកសំណើទៅសម្តេចតេជោហ៊ុន សែន ឱ្យពិចារណាពីការបើកទ្វារ ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ឱ្យចូលមកទស្សនា តាមគោលដៅទេសចរណ៍សៀមរាប-អង្គរចាប់ពីត្រីមាសទី៤ ឆ្នាំ ២០២១ខាងមុខនេះ។

រដ្ឋាភិបាលកម្ពុជាកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ បានទម្លាក់ថវិកាប្រមាណ១៥០ លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយមានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ។ ក្នុងគម្រោងនោះក៏រួមមាន រៀបចំបណ្តាញលូទឹកភ្លៀង ទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់ ចិញ្ចើមផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្តកាមេរ៉ាសុវត្ថិភាព សួនច្បារ ការដាំដើមឈើលម្អ និងបង្គោលភ្លើងបំភ្លឺផ្លូវជាដើម។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ឃី រៀលអេស្ទេត កាលពីខែឧសភាឱ្យដឹងថា តម្លៃដីនៅក្រុងសៀមរាបឆ្នាំ ២០២០ ធ្លាក់ចុះ ៥ ភាគរយធៀបឆ្នាំ ២០១៩ ដោយមានតម្លៃមធ្យម១៥២០ ដុល្លារ ក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះពី១៦០០ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here