របររកស៊ីឬធ្វើជាភ្នាក់ងារជំនាញអចលនវត្ថុកម្ពុជា ជារបរមួយដែលផ្តល់ឲ្យមានភាពមានបានយ៉ាងឆាប់រហ័ស ប៉ុន្តែប្រសិនជាភ្នាក់ងារអចលនទ្រព្យគ្មានជំនាញទេ ពួកគេមិនអាចធ្វើជាអ្នកមានបានក្នុងវិស័យនេះនោះទេ ដូច្នេះសំណួរគឺសួថាតើអ្នកជាភ្នាក់ងារអចលនវត្ថុ ត្រូវមានជំនាញអ្វីខ្លះដើម្បីជោគជ័យក្នុងវិស័យនេះ?។

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL ដែលជាជើងចាស់មួយរូបក្នុងវិស័យនេះ និងជាអ្នករកលុយបានច្រើនពីក្នុងវិស័យនេះបានចែករំលែកបទពិសោធន៍ និងយុទ្ឋសាស្ត្ររបស់លលោក្នុងការធ្វើទីផ្សារ ក៏ដូច ជាប្រកួតប្រជែងគ្នាក្នុងវិស័យនេះ។
-->
លោកបានឲ្យដឹងទៀតថា ការជ្រើសរើសធ្វើជំនួញក្នុងវិស័យនេះ ជាការជ្រើសរើសត្រឹមត្រូវ ព្រោះវិស័យនេះមានលុយច្រើនណាស់ ដូច្នេះបើយើងស្រលាញ់ និងមានឆន្ទៈធ្វើការងារនេះ យើងនឹងទទួលបានជោគជ័យ ហើយដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះ យើងត្រូវប្រកាន់គោលការណ៍បួនចំណុច។
ទី១/ ត្រូវឧស្សាហ៍ព្យាយាម ដោយធ្វើការមិនត្រូវគិតថ្ងៃសៅរ៍ឬថ្ងៃអាទិត្យឡើយ។ ពេលយើងធ្វើការបែបនេះ អតិថិជនរបស់យើងនឹងមានទំនុកចិត្ត និងអាណិតយើង ហើយផ្តល់ការងារឲ្យយើងធ្វើ។
ទី២/ ត្រូវមានភាពស្មោះត្រង់ ព្រោះយើងធ្វើការជាមួយអ្នកមានប្រាក់ច្រើន ដូច្នេះយើងត្រូវតែមានភាពស្មោះត្រង់ កុំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ទី៣ ត្រូវមានវិន័យ យកច្បាប់ជាធំ កុំធ្វើអ្វីៗដើម្បីលុយពេក ព្រោះបើយើងធ្វើបែបនេះយើងនឹងបាត់បង់តំលៃខ្លួនឯង ចំណុចទី៤ លោកថាយើងត្រូវតែមានគំនិតច្នៃប្រឌិត។ ការដែលលោកយកប្រាក់បានច្រើនពីវិស័យនេះ ដោយសារលោកស្រលាញ់វិស័យនេះ មិនថាយប់ឬថ្ងៃទេ លោកធ្វើការរហូតបានសម្រេច។

លើសពីនេះ ការធ្វើការងារបានច្រើនផ្នែក ទំនាក់ទំនងល្អ និងមានចំណេះដឹងទូលំទូលាយ ក៏ជាផ្នែកមួយនៃការសម្រេចបាននូវភាពជោគជ័យ ព្រោះនេះជាការកសាងកេរ្ត៍ឈ្មោះមួយ ដើម្បីអាចផ្តល់ទំនុកចិត្តដល់អតិថិជន និងពង្រីកទីផ្សារការងាររបស់យើងឲ្យកាន់តែសម្បូរបែបផងដែរ៕