ដោយៈសុខុម
គូឡាឡាំពួៈ ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី Impiana Hotels បានចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីអភិវឌ្ឍរីហ្សត ប្រណីតមួយកន្លែងលើកោះ Tioman ក្នុងទំហំវិនិយោគ៤៥លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Edge Market ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា។
ក្រុមនេះបានបញ្ជាក់ថា រីហ្សតប្រណីតនេះនឹងមានផ្ទះវីឡា និងកន្លែងសម្រាកលម្ហែកាយផ្សេងៗទៀតនៅលើផ្ទៃដីទំហំ៥.០៨៩ហិកតា។
ក្រុមហ៊ុន Impiana Hotel និយាយថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នានេះ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Impiana Tioman Sdn Bhd (ITSB) ក្រុមហ៊ុន Selo Tioman Resort Holdings Ltd (STRHL) និងក្រុមហ៊ុន Impiana Selo Tioman Resorts Sdn Bhd (ISTR)។
ក្រុមហ៊ុន ITSB គឺជាម្ចាស់ដី ចំណែកឯក្រុមហ៊ុន STRHL ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យ ហើយក្រុមហ៊ុន ISTR គឺជាអ្នកសម្របសម្រួលសម្រាប់គម្រោងនេះ។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន STRHL នឹងចាប់ផ្តើមសកម្មភាពលក់ដំណាក់កាលទី១ និងដំណាក់កាលទី២ នៃគម្រោងទៅកាន់អ្នកទិញ។ ការលក់នោះគឺក្នុងគោលបំណងប្រមូលដើមទុន ដើម្បីចាប់ផ្តើមការងារសាងសង់ និងសម្រាប់ការចំណាយលើការការអភិវឌ្ឍ។
ក្រុមហ៊ុន STRHL នឹងទទួលខុសត្រូវលើការគ្រប់គ្រងគម្រោង ការលក់ និងការធ្វើយុទ្ធសាស្ត្រទីផ្សារ។ ចំណែកឯក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងជាអ្នកដាក់ពាក្យស្នើសុំ ធ្វើផែនការ គំនូរប្លង់ និងរៀបចំឯកសារផ្សេងៗដែលចាំបាច់សម្រាប់គម្រោងនេះ។
ក្រុមហ៊ុន Impiana Hotel រំពឹងថា គម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល២៤ខែគិតចាប់ពីថ្ងៃចាប់ផ្តើមការងារសាងសង់។ ក្រុមនេះនិយាយថា ខ្លួននៅតែមានសុទិដ្ឋិនិយមចំពោះប្រជាប្រិយភាពនៃកោះទេសចរណ៍ Tioman៕