រដ្ឋមន្រ្តីសេដ្ឋកិច្ចជម្រុញឲ្យរៀបចំក្រុមការងារអន្តរក្រសួងដើម្បីទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

0

         ដោយៈជេស៊ីកា

         ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានអនុម័តឲ្យមន្រ្តីក្រសួងពាក់ព័ន្ឋរៀបចំគណកម្មការអន្តរក្រសួង ដើម្បីទាញយកផលប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នបានមានប្រសាសន៍ក្នុងមកិច្ចប្រជុំជាមួយ​ស្ថាប័នពាក់ព័ន្ឋជាច្រើននាព្រឹកថ្ងៃទី១០​ វិច្ឆិកានេះ ដោយបានកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំឯកសារដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំនែក ក្នុងការផ្ដល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ និងបានផ្តល់ជាអនុសាសន៍ណែនាំជូនអង្គប្រជុំថា បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយសាធា​រណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ ដែលកម្ពុជាបានចុះហត្ថលេខាជាលក្ខណៈរួម ដូចនេះយើងគួររៀបចំក្របក្របខ័ណ្ឌយុទ្ធសាស្ត្ររួម ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

លោកបន្តថា “យើងត្រូវរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីសម្រួចទិសដៅការសិក្សា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ ដោយផ្ដោតយកប្រទេសចិនជាមូលដ្ឋាននៃការសិក្សាជារួម”។

បន្ថែមពីនេះ លោកអគ្គបណ្ឌិតសភាចារ្យ បានឯកភាពឱ្យរៀបចំបង្កើតក្រុមការងារអន្តរក្រសួង នៅក្រោមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីតាមដាន និងជំរុញការអនុវត្តផែនការសកម្មភាព យុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយក្រុមការងារអន្តរក្រសួងនេះ ដឹកនាំ និងសម្របសម្រួលដោយក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជេះកម្មបានមានប្រ​សាសន៍ថា ឯកសារយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមចតុកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច” នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងគោលបំណងសិក្សា និងត្រួតពិនិត្យលើក្របខ័ណ្ឌពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសមានគោលដៅជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ ដោយផ្ដោតលើពាណិជ្ជកម្មផ្នែកទំនិញ ឯពាណិជ្ជកម្មផ្នែកសេវាកម្ម និងវិនិយោគ ក្រុមការងារនឹងពិនិត្យលទ្ធភាពសិក្សាក្នុងពេលវេលាសមស្រប។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា តើកម្ពុជាអាចនាំចេញទំនិញអ្វីបានខ្លះ? តើចំណេញ ឬបាត់ប្រយោជន៍អ្វីខ្លះ? ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោករដ្ឋមន្ត្រី បានបង្ហាញចំណុចសំខាន់នៃឯកសារ មានដូចជា  ក. ការកំណត់មុខទំនិញជាបីប្រភេទ (ទំនិញថ្មី, ទំនិញកំពុងលូតលាស់ និងទំនិញមានភាពចាស់ទុំ), ខ. ការវិភាគស្ថានភាពទីផ្សារ, ស្ថានភាពផ្គត់ផ្គង់ក្នុងប្រទេស និងក្របខណ្ឌគោលនយោបាយ ដោយប្រើប្រាស់វិធីសាស្ត្រ SWOT, គ. ការវិភាគមុខទំនិញសក្ដានុពល ដោយបង្ហាញអំពីតួលេខ ពាណិជ្ជកម្ម, អត្រាពន្ធគយ, របាំងមិនមែនពន្ធ, តម្រូវការទីផ្សារ, ផលិតកម្ម និងការនាំចេញពីកម្ពុជា, វិភាគ SWOT, និងអនុសាសន៍, ឃ. ការជ្រើសរើសទំនិញសក្ដានុពលរបស់កម្ពុជា។

ង. ការជ្រើសរើសទំនិញដែលត្រូវជំរុញការផលិត និងជំរុញការនាំចេញ ទំនិញទាំងនោះរួមមាន៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច, ច. សេចក្ដីសន្និដ្ឋាន និង ឆ. សំណូមពរ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផល នៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដោយបានរំលេចនូវអត្ថប្រយោជន៍ទាំងឡាយ ដែលកម្ពុជានឹងទទួលបានពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានប្រមូលធាតុចូលបន្ថែមទៀត ពីឯកឧត្តមថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងអង្គប្រជុំ ដែលមានសមា​សភាពដូចជា លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here