ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញទេសចរណ៍កម្ពុជា កំពុងធ្វើការផ្សព្វផ្សាយពីការបើកប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដល់បណ្តាសមាគម និងទីភ្នាក់ងារទេសចរណ៍ក្នុងតំបន់អាស៊ាន និងសហគមន៍អឺរ៉ុប។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមកថា បច្ចុប្បន្នសហគមន៍ទេសចរណ៍ក្នុងតំបន់អាស៊ាន បានអបអរសាទរ និងជជែកគ្នាយ៉ាងច្រើនពីការបើកប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាល ដែលប្រទេសទាំងនោះ កំពុងពិភាក្សាគ្នាដើរតាមគន្លងរបស់កម្ពុជា។
កាលពីថ្ងៃទី១៤ វិច្ចិកាកន្លងមកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែនបានប្រកាសបើកប្រទេសឡើងវិញ ដោយមិនតម្រូវឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិធ្វើចត្តាឡីស័កឡើយ ករណីពួកគេបានចាក់វ៉ាក់សាំងរួចហើយ។
លោកស្រីឆាយ ស៊ីវលីនបានបន្តថា “វិស័យឯកជនមានការអបអរសាទរយ៉ាងខ្លាំង ពេលប្រមុខរដ្ឋាភិបាលបើកប្រទេសឡើងវិញ ព្រោះយើងមិនចង់ឃើញវិស័យនេះនៅមានបញ្ហាបន្តទៀតនោះទេ”។ លោកស្រីបន្តថា “យើងមានការព្រួយបារម្ភថា បើសិនជាស្ថានភាពអូសបន្លាយពេល អ្នកជំនាញក្នុងវិស័យនេះ នឹងទៅបំពេញការងារលើវិស័យផ្សេងទៀត នឹងធ្វើឲ្យយើងបាត់បង់ភ្ញៀវទេសចរណ៍”។
លោកស្រីបន្ថែមថា ការបើកក្រុងព្រះសីហនុ កោះរ៉ុង និងតំបន់តារាសាគរកន្លងមក មិនមានភ្ញៀវទេសចរណ៍ កក់សំបុត្រយន្តហោះមកទស្សនាកម្ពុជាទេ ព្រោះមិនមានការភ្ជាប់ជើងហោះហើរទៅកាន់ក្រុងព្រះសីហនុ ហើយបើធ្វើដំណើរតាមផ្លូវគោកត្រូវចំណាយពេលចន្លោះពី៤ទៅ៥ម៉ោង ពួកគេមិនចាប់អារម្មណ៍នោះទេ។
ជាមួយគ្នានេះ លោកហូ វណ្ឌីអ្នកជំនាញទេសចរណ៍មួយរូប និងជាទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការប្រកាសបើកដំណើរការឡើងវិញរបស់ប្រទេស ពីប្រមុខរដ្ឋាភិបាលនិងពេលវេលាជាក់ស្តែង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាច្រើន វាហាក់ប្រថុចញុចពេក ហេតុនេះបើចង់មើលលទ្ឋផលបែបណា វាទាមទាររយៈពេលបីខែទៀត។
លោកបន្តថា “ក្រុមការងារផ្នែកឯកជន កំពុងធ្វើការជាមួយបណ្តាញការីទេសចរណ៍នៅទូទាំងពិភពលោកបណ្តើរៗហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា”។
បើតាមលោកហូ វណ្ឌីបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway, Lanmei Airline បានកំណត់ពេលវេលាជាក់លាក់ហោះហើរពីកម្ពុជា ទៅកាន់ទីក្រុងបាងកក និងហោះហើរពីទីក្រុងបាងកក មករាជធានីភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត ក៏បាននិងកំពុងត្រៀមខ្លួនហោះហើរមកកាន់កម្ពុជាផងដែរ៕