ដោយៈ សុធារី
ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការវាយតម្លៃលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ ហើយក៏បានប្រកាសថា ផ្អែកលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាពេលបុណ្យអុំទូកនេះគឺមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច។
លោកថោង ខុន បានឱ្យដឹងថា ចំពោះឥរិយាបថភ្ញៀវទេសចរ ក៏មានប្រែប្រួលខ្លះដែរធៀបនឹងពេលកន្លងមក ដោយក្នុងនោះពួកគាត់មួយចំនួន បានងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់ នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមានកម្រិតខ្ពស់ និងការចូលទទួលទានអាហារ ដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង ខណៈដែលនាពេលកន្លងមកពួកគាត់ច្រើនតែត្រៀមសម្ភារៈ និងម្ហូបអាហារដាក់តាមខ្លួនច្រើនជាង ចូលទទួលទានផ្ទាល់នៅក្នុងហាង។
-->
លោកបានបញ្ជាក់ថា កត្តាទាំងអស់នេះ សបញ្ជាក់ឲ្យឃើញនូវដំណើរត្រលប់ទៅរកប្រក្រតីភាពថ្មី និងធ្វើឲ្យមានចរន្តសេដ្ឋកិច្ច មានដំណើរការឡើងវិញ ពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន ដែលបានផ្អាកសកម្មភាពនាពេលកន្លងមក។ ចំនួនភ្ញៀវទេសចរដ៏ច្រើននេះ ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងផ្តល់ជាប្រាក់ចំណូល និងក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។
លោកបានកត់សម្គាល់ឃើញថា រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ “៣កុំ និង ៣ការពារ” ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញ ចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការ ក៏ទទួលបានការចាក់វ៉ាក់សាំងពេញលេញផងដែរ។
ចំពោះភ្ញៀវទេសចរ លោកសង្កេតឃើញជារួមថា ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍ធូរស្រាលក្នុងចិត្ត ក្នុងការដើរកម្សាន្តបានពេញលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រលប់ ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ។
លោកបានវាយតម្លៃថា “ការគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាឱកាសព្រះរាជពិធីបុណ្យអុំទូកនេះមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ សុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច”។
លោកបានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍បានប្ដេជ្ញា បន្តខិតខំពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងSOP និងវិធានការចាំបាច់នានា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មីនៃជំងឺកូវីដ១៩៕