ដោយ: ម៉ាលីស
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ។
ក្នុងជំនួបជាមួយ លោកង្វៀន ហ៊ុយតាំង (Nguyen Huy Tang )អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក Nguyen Huy Tang ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋវៀតណាមប្រចាំកម្ពុជានាពេលនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជានិងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បានកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងន័យនេះ សម្ដេចតេជោបានលើកទឹកចិត្ត ឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។
លើសពីនេះទៅទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតវៀត ណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះ ហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ និងបានជូនពរឲ្យ លោក Nguyen Huy Tang ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា៕