ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រៅពីទឹកសមុទ្រខៀវស្រងាត់ ដើមកោងកាងដុះតម្រឹមគ្នា ឆ្នេរខ្សាច់ព៌ណមាស និងគយគន់ទេសភាពថ្ងៃលិចដ៏លន្លង់លន្លោច ខេត្តកោះកុងមានសម្បត្តិធម្មជាតិមហាសាល។
ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រៅពីទឹកសមុទ្រខៀវស្រងាត់ ដើមកោងកាងដុះតម្រឹមគ្នា ឆ្នេរខ្សាច់ព៌ណមាស និងគយគន់ទេសភាពថ្ងៃលិចដ៏លន្លង់លន្លោច ខេត្តកោះកុងមានសម្បត្តិធម្មជាតិមហាសាល។
ជាមួយនឹងដងព្រែក ទេសភាពអបជាមួយនឹងជូរភ្នំវែងអន្លាយ និងទឹកជ្រោះហូរធ្លាក់ដូចស្បៃទេសអប្សរ ថ្ងៃនេះយើងសូមនាំលោក អ្នកទៅទស្សនាសម្រស់ទឹកដីកោះកុងក្រៅ។
កោះកុងក្រៅ ជាតំបន់កោះ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរកោះកុងក្រៅ មាន៦ឆ្នេរ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត ទឹកសមុទ្រថ្លាអាចមេីលឃើញដល់បាតសមុទ្រ និងព្រមទាំងមានព្រែកខាងក្រោយឆ្នេរ ដែលអាចអោយយេីងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ សម្រាប់ឆ្នេរដែលភ្ញៀវទេសចរណ៍និយមទៅលេង និងមានទឹកប្រើប្រាស់គ្រប់គ្រាន់ គឺឆ្នេរទី៣ និងទី៤ ។
នៅទីនោះយើងអាចអង្គុយលេងស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយមើលទិដ្ឋភាពថ្ងៃរៀបលិច។
ការធ្វើដំណើរ
ដើម្បីទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើរ ដោយយាន្តឬម៉ូតូទៅកាន់ខេត្តកោះកុង (បើមកពីភ្នំពេញ ហួសផ្លូវបត់តារាសាគរប្រមាណ២០គីឡូ នៅខាងឆ្វេងដៃយើងនឹងឃើញផ្លូវដីក្រហមមួយ ។ បត់តាមផ្លូវក្រហម ជិះប្រកាន់ផ្លូវបត់ឆ្វេង ប្រមាណជា១០គីឡូ យើងនឹងទៅដល់ភូមិនេសាទមួយ ដែលអាចឡើងទូកនៅទីនោះ) និងបន្ទាប់មកគឺធ្វើដំណើរដោយទូក ប្រមាណ១ម៉ោងកន្លះ-២ម៉ោង ពីផែទូកដើម្បីទៅដល់ឆ្នេរកោះកុងក្រៅ។
ការស្នាក់នៅ:
ដោយសារទីនោះជាទីតាំងធម្មជាតិ មិនទាន់មានការអភិវឌ្ឍន៍ ភ្ញៀវទេសចរណ៍ អាចស្នាក់នៅ ដោយការបោះជំរុំតង់លើឆ្នេរខ្សាច់ ដោយខ្លួនឯង។
ការរៀបចំម្ហូបអាហារ:
យើងអាចត្រៀម អង្ករ និងម្ហូបផ្សេងៗ ដូចជាត្រី សាច់ ឬគឿងសមុទ្រ និងគ្រឿងទេសម្រាប់ធ្វើម្ហូបញាំនៅទីនោះ (ម្ចាស់ទូកអាចជួយដាំបាយ និងធ្វេីម្ហូបបាន)។
សូមចូលរួមរក្សាសំរាម អោយមានសណ្តាប់ធ្នាប់ ដើម្បីឆ្នេរស្អាតសម្រាប់ភ្ញៀវទេសចរទាំងអស់គ្នា។
សូមកុំប្រើប្រាស់ឧបករណ៍បំពងសម្លេងខ្លាំងៗ ដែលនាំរំខានដល់អារម្មណ៍ភ្ញៀវទេសចរណ៍ផ្សេងទៀត៕