អ្នកជំនាញអចលនទ្រព្យ និងសំណង់ ៤រូប ចែករំលែកយុទ្ធសាស្ត្រគ្រប់គ្រង និងស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ អាជិវកម្មស្ទើរគ្រប់ប្រភេទបានជួបបញ្ហាប្រឈមនានា។ សម្រាប់វិស័យអចលនទ្រព្យនិងសំណង់ ក៏ចៀសមិនផុតឡើយ មិនថាតិចឬច្រើន។ ដូច្នេះដើម្បីរក្សាអាជីវកម្ម ឱ្យនៅតែបន្ដងើបឈរឡើងវិញ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានការរៀបចំ ការគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រកបដោយស្មារតីរឹងមាំ ដើម្បីកសាងអាជីវកម្មឡើងវិញ។

អ្នកជំនាញអចលនទ្រព្យនិងសំណង់៤ ដែលទទួលបានជោកជ័យក្នុងការគ្រប់គ្រងអាជីវកម្មនៃទីផ្សារអចលនទ្រព្យបានចែករំលែកយុទ្ធសាស្ត្រគ្រប់គ្រងនិងស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ ក្នុងកិច្ចពិភាក្សាភាគទី១១ ក្នុងក្របខណ្ឌនៃ “កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ក្រោមប្រធានបទ “មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យអចលនទ្រព្យ និងសំណង់” ដែលរៀបចមដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅថ្ងៃទី០២ ធ្នូនេះ តាមប្រព័ន្ធអនឡាញ។

លោក ឡាយ គីមស៊ួរ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sourkear Investment Co., LTD និងអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកទឹកចិត្តឲ្យអ្នកវិនិយោគទាំងអស់ត្រូវត្រៀមខ្លួនឲ្យល្អក្នុងវិស័យដែលខ្លួនវិនិយោគ។ លោកបានសង្កត់ធ្ងន់លើវិស័យចគឺជាសសរស្តម្ភសំខាន់មួយសម្រាប់ប្រទេសជាតិ។

លោកលើកទឹកចិត្តឲ្យមានការចូលរួមធ្វើការជាមួយគ្នា ជាពិសេស YEAC ដែលជាកន្លែងដែលបណ្តុំទៅដោយអ្នកជំនាញៗ និងអាចជួយក្នុងការដោះស្រាយបញ្ហាជារួមមួយ ហើយ YEAC មានរៀបចំកម្មវិធីជាច្រើនដែលជួយជាគំនិត មធ្យោបាយដល់អ្នកវិនិយោគទាំងឡាយ។

វេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគម សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (Cambodia Japan Business Investment) and និងជាសហស្ថាបនិក Arakawa Residence បានចែករំលែកទាក់ទងទៅនឹងការវិនិយោគផ្ទាល់របស់លោកគឺមិនសូវជាមានការប៉ះពាល់ទេក្នុងកំឡុងកូវីដ-១៩ ដោយសារលោកតែងតែត្រៀមខ្លួនទុកមុន វាមានការប៉ះពាល់ដែរ តែប៉ះពាល់ខាងផ្នែកលក់ ប៉ុន្តែនៅក្នុងការលក់ យើងជាអ្នកវិនិយោគត្រូវដឹងថា ពេលវេលាណាដែលការលក់ធ្លាក់ចុះ ហើយពេលវេលាណាដែលការលក់កើនឡើង។

លោកបានត្រៀមខ្លួនតាមបែបព្រះពុទ្ធសាសនា គឺការត្រៀមថវិការឲ្យគ្រប់គ្រាន់ក្នុងការសាងសង់លក់ កាលណាលោកបញ្ចប់ការសាងសង់ហើយ អញ្ចឹងដំណាក់កាលបន្ទាប់គឺត្រៀមលើការលក់។

លោកបានបន្ថែមទៀតថា កាលណាយើងសាងសង់បណ្តើរ ហើយលក់បណ្តើរ អុីចឹងយើងមិនមានការត្រៀមបានល្អទេ។ តែបើកាលណាយើងមានគម្រោងនិងត្រៀមថវិការសម្រាប់គម្រោងការសាងសង់ ដូច្នេះពេលយើងសាងសង់រួចរាល់ ការងារបន្ទាប់គឺយើងប្រឹងលក់។ លោកតែងតែត្រៀមថវិការដែលរកបាន ៥០%ដើម្បីធ្វើការវិនិយោគឡើងវិញ ២៥%ប្រាក់បញ្ញើមានការកំណត់ (fixed deposit) ហើយ ២៥%ទៀតសម្រាប់ចំណាយកិច្ចការក្រុមហ៊ុន។

លោកវេជ្ជបណ្ឌិតបានឲ្យដំបូន្មានសម្រាប់អ្នកវិនិយោគថ្មី យើងត្រូវមានការបត់បែនទៅតាមកាលៈទេសៈ ទៅតាមគោលការណ៍របស់រដ្ឋាភិបាល ហើយគន្លឹះមួយទៀតយើងត្រូវការមានបីចំណុចនេះថវិការដែលរកបាន៥០%ដើម្បីធ្វើការវិនិយោគឡើងវិញ ២៥%ប្រាក់បញ្ញើមានការកំណត់ (fixed deposit) ហើយ ២៥%ទៀតសម្រាប់ចំណាយកិច្ចការក្រុមហ៊ុន មិនត្រូវអត់ទេ ហើយត្រូវតែមានតុល្យភាពរវាងឪកាសនិងលោភៈ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានថ្លែងថា ជាការពិតស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩នេះ មនុស្សស្ទើរតែគ្រប់គ្នា បានជួបបញ្ហាប្រឈមនានា និយាយចំពោះអាជីវកម្មក៏ជួបបញ្ហាប្រឈមជាច្រើនផងដែរ ដូច្នេះដើម្បីរក្សាអាជីវកម្ម ឲ្យនៅតែបន្ដងើបឈរឡើងវិញ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានការចូលរួម ពីដៃគូសហការមានន័យថា ត្រូវរកដៃគូរសហការគ្នា ដើម្បីកសាងអាជីវកម្មឡើងវិញ។ លោកបានបន្ដថា ម្ចាស់អាជីវកម្មនីមួយៗអាចចែររំលែក តាមរយៈការលក់ភាគហ៊ុននៃអាជីវកម្មរបស់ខ្លួន ទៅកាន់ដៃគូណាម្នាក់ ដើម្បីទទួលបានទុនបង្វិលមកបន្ដដង្ហើមនៃអាជីវកម្ម។

លោក​ថា ប្រសិនបើវិនិយោគិនត្រូវវិនិយោគទិញ-លក់ លើវិស័យអចលនទ្រព្យ ដើម្បីវិនិយោគ ត្រូវប្រើប្រាស់ថវិកាដែលខ្លួនមាន ដោយមិនត្រូវខ្ចីលុយពីអ្នកណាម្នាក់ ដើម្បីវិនិយោគនោះទេ ដោយសារតែការខ្ចីប្រាក់មកធ្វើការវិនិយោគ នឹងមិនទទួលបានលុយចំណេញនោះឡើយ ដោយសារតែត្រូវបង់ការប្រាក់សងត្រឡប់ទៅម្ចាស់ដើមវិញ។

លោក លឹម សុជាតិ ប្រធាននាយកប្រតិបត្តិ Laskmi Prime Investment Co.,Ltd ក៏បានឲ្យដឹងថា ដើម្បីស្ដារអាជីវកម្មឲ្យឈរជើងបាន ដាច់ខាតត្រូវតែរក្សាឲ្យបាននូវធនធានមនុស្ស ដរាបណាមានធនធានមនុស្ស អាជីវកម្មនៅតែអាចបន្ដទៅមុខជានិច្ច។ លោកបញ្ជាក់ថា “ជាក់ស្ដែងសម្រាប់ក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ ក៏ទទួលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ជិត២ឆ្នាំមកនេះ ប៉ុន្ដែកត្តាដែលធ្វើឲ្យក្រុមហ៊ុនអាចឈរជើងបានដូចសព្វថ្ងៃនេះ គឺការរក្សាឲ្យបាននូវធនធានមនុស្សនេះឯង។”

លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាស្ថាបនិក និងអគ្គនាយកភូមិផ្កាត្រកួន បានលើកឡើងថា ក្រៅអំពីការរក្សាធនធានមនុស្ស ការចែករំលែកគ្នានេះ ដើម្បីរក្សាអាជីវកម្មឲ្យឈរជើងបានយូរ គឺមិនភ្លេចនោះឡើយ ចំពោះការធ្វើកិច្ចការអ្វីមួយមានផែនការច្បាស់លាស់ តើកាលណាមានផែនការច្បាស់លាស់ ឧបសគ្គបែបណាក៏អាចដោះស្រាយចេញបានដែរ។ កត្តាមួយទៀត គឺការចេះគ្រប់គ្រងបំណុល ត្រូវចេះគ្រប់គ្រងបំណុលឲ្យបានល្អ និងចេះប្រើប្រាស់ឲ្យត្រូវតាមកាលៈទេសៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here